(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២នេះ បានប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សតព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គមបខួបទី១០ នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ពេលនេះទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាមានទឹកមុខស្រពោនក្រៀមក្រំ និងសោកស្តាយបំផុត និងដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១០ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ។
ការចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់មហាវីរៈក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាដ៏ឧត្តុង្គឧត្តម វិសេសវិសាលបំផុតរបស់ព្រះអង្គ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ទាំងអស់គ្នា ចូលរួមជាមួយ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង ខេត្ត កងកម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងទូទាំងខេត្ត សូមលើកហត្ថប្រណម្យ បួងសួងឧទ្ទិសថ្វាយ ព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះ
ករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕