(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ក្រោយបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យទីតាំងសង្ស័យ ជាង១ម៉ឺនទីតាំង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ» លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអះអាងថា ក្នុងចំណោមទីតាំងជាង១ម៉ឺននេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំនួន១២៧ទីតាំង ក្នុងចំណោម១១រាជធានី-ខេត្ត ក្នុងនោះបានប្រមូលភ័ស្ដុតាងបញ្ជូនមនុស្សទៅតុលាការ ចំនួន២៧៣នាក់ (ជនបរទេស៥៦នាក់ ១២សញ្ជាតិ)។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានបន្ថែមទៀតថា សម្រាប់ទីតាំងផ្សេងទៀត ដែលសង្ស័យមានតម្រុយអាចប្រព្រឹត្តបទល្មើសល្បែងស៉ីសងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ចំនួន១០,០១០ទីតាំង ក្នុងករណីថ្ងៃក្រោយរកឃើញមានប្រព្រឹត្ត នឹងអនុវត្តច្បាប់ជាធរមាន។ លោកបានបន្ដទៀតថា ក្នុងចំណោមនោះ មានមនុស្សប្រមាណ ១៣,០០០នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំផងដែរ។

សូមរំលឹកថា ពីលើវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្ដបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យដូចភ្លៀងរលឹម កុំចាំបាច់នាយករដ្ឋមន្ដ្រី ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបញ្ជាបាននាំគ្នាធ្វើ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា បទល្មើសល្បែងស៉ីសងខុសច្បាប់ទាំងអស់នោះ គឺពាក់ព័ន្ធជាមួយបញ្ហាភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុវត្តជាច្រើនឆ្នាំមកហើយ ដូច្នេះបញ្ហាស្ថិតនៅត្រង់ថា តើមន្ដ្រីអ្នកអនុវត្តច្បាប់ធ្វើ ឬមិនធ្វើ ខណៈមួយរយៈពេលចុងក្រោយនេះ បទល្មើសល្បែងស៉ីសងកើតឡើងច្រើន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហើបថា ដើម្បីបង្ក្រាបបទល្មើសល្បែងស៉ីសងនេះ សម្ដេចត្រូវចុះហត្ថលេខាបង្កើតគណៈកម្មការអន្ដរក្រសួង ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយបន្ថែមពីគណៈកម្មការអន្ដរក្រសួងនេះ សម្ដេចបានចេញសារសំឡេងបញ្ជាដោយផ្ទាល់ថែមទៀតផង ដើម្បីធានាដល់ប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការបង្ក្រាប។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទូទាំងប្រទេស ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់នោះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ។ សម្រាប់រាជធានីភ្នំពេញ ក៏បានឈានដល់ការត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យធ្វើអាជីវកម្មបញ្ចាំដោយខុសច្បាប់ផងដែរ៕