(តាកែវ)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ញោរពេញដោយសមត្ថភាពគ្រប់គ្រាន់មានសីលធម៌ល្អ គុណធម៌ និងជាយុវជនដ៏ល្អ សម្រាប់បន្តវេនដឹកនាំប្រទេសជាតិដែលមានឈាមជ័រ ជាវីជនស្នេហាជាតិស្រឡាញ់ជាតិ ទឹកដី មានគុណធម៌ និងប្រជាជនពិតប្រាកដដូចសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការលើកឡើងបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងរបស់នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន ចន្នី ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទ អាជ្ញាធរ ក្រុមយុវជន នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃគង់នៅវត្តលឹម ពូល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។
លោក ណុប រ័ត្ននិមល បានបន្តថា ផ្អែកទៅលើសមត្ថភាពចំណេះដឹងទេព្យកោសល្យលោកបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លងកាត់ការបណ្ដុះបណ្ដាលរៀនសូត្រគ្រប់កម្រិតសិក្សារហូតទទួលបានសញ្ញបត្របណ្ឌិតយោធា នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រសេដ្ឋកិច្ច។ កន្លងមកក្រៅពីកិច្ចការបម្រើជាតិមាតុភូមិ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចាន់មុន្នី បានដឹកនាំសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជម្ងឺទូទៅជួយព្យាបាលសង្គ្រោះជីវិតប្រជាជនក្រីក្រ និងយកចិត្តទុកដាក់អប់រំសុខភាព ប្រជាជននៅទូទាំងប្រទេសដោយឥតគិតថ្លៃស្ទើរគ្មានថ្ងៃឈប់សម្រាក។
ជាមួយគ្នានេះដែរ លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែងគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយនោះឡើយ ជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ ជាសកលលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា បានទទួលការនែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ចុះរៀបចំទីកន្លែងស្នាក់នៅហូបចុក និងបានចុះស្វែងរកអ្នកជំងឺគ្រប់ទីកន្លែង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩ ទៅព្យាបាលតាមមន្ទីរពេទ្យទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់។
លោកបានលើកឡើងថា ទីណាមានការលំបាកទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅជិតជាមួយប្រជាពលរដ្ឋ ដើម្បីរួមរស់នៅជួយដោះស្រាយរាល់ការលំបាកសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ទន្ទឹមនឹងនេះដែរលោក ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូត និងបន្តគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។
លោក ណុប រ័ត្ននិមល បាននាំមកនូវអំណាយបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួមមាន៖ ប្រគេនបច្ច័យសង្កត់ត្រ័យចំនួន៨៥រៀល សម្រាប់បន្តកសាងសមិទ្ធផលក្នុងវត្តឧបត្ថម្ភជូនដល់ព្រះសង្ឈសូត្រស្ដាំ និងឆ្វេង អាចារ្យគណៈកម្មការវត្ត ប្រគេនព្រះសង្ឃចំនួន ១៥អង្គផងដែរ៕