(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីកត្តាចំនួន ៣ចំណុច ដើម្បីបិទបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ លោកបណ្ឌិត សុខ ទូច បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ «អញ្ចឹងអាចបញ្ចប់សង្គ្រាមបានមាន៣ចំណុច គឺចំណុចទី១៖ អ្នកណាអ្នកដុតអ្នកហ្នឹង ជាអ្នកពន្លត់, ទី២៖ អ៊ុយក្រែន និងរុស្ស៉ី ជួបនិយាយគ្នាទៅ ហើយកុំចង់ធ្វើវីរជន ត្រូវអាណិតប្រជាជន និងទី៣៖ ប្រើយុទ្ធសាស្ត្រឆ្នាំ១៩៦៣ កាលណោះសង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះនឹងឡើង ប៉ុន្តែ មេដឹងនាំសម័យនោះបានបញ្ចប់ (កុំដំឡើងកម្លាំងដាក់គ្នា»។
ទន្ទឹមនឹងនេះ លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ៗថា បញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន គឺបណ្តាមកសហរដ្ឋអាមេរិក ជាអ្នកដុតភ្លើងសង្គ្រាម ប្រសិនបើអាមេរិក ប្រកាសប្រាប់រុស្ស៉ីថា មិនអនុញ្ញាឱ្យអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ មិនដាក់ពង្រាយខែលមីស៉ីល បញ្ហាសង្គ្រាមនេះ វានឹងបញ្ចប់ដោយឯង។
លោកបណ្ឌិតគូសបញ្ជាក់ថា៖ «វាជារឿងងាយស្រួលសម្រាប់អាមេរិក ក្នុងការបញ្ចប់សង្គ្រាមនេះ ដោយគ្រាន់តែប្រកាសថា មិនឱ្យភាគីអ៊ុយក្រែន ចូលជាសមាជិកណាតូ មិនពង្រីកខែលមីសុីលនោះសង្គ្រាមនឹងចប់ដោយឯង»។
លោកបណ្ឌិត សុខ ទូច ក៏បានបន្ថែមថា អ្នកដែលបំផ្លាញសន្តិភាព របស់ពិភពលោក គឺមានតែប្រទេសមហាអំណាចតែប៉ុណ្ណោះជាក់ស្តែង អង្គការសហប្រជាជាតិមានអត្ថន័យតែមួយគត់ គឺពួកមហាអំណាចមិនលុកដៃ និងមានបទពិសោធន៍តែមួយគត់ គឺការដោះស្រាយបញ្ហារបស់កម្ពុជា។
បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច ក៏បានរំឮកពីអតីតកាលកម្ពុជា ដែលត្រូវបានពួកមហាអំណាចចូលកកូកកាយបង្កឱ្យមានសង្គ្រាមស៊ីវិល សម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើន ខណៈបច្ចុប្បន្ននេះ មានបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានបង្កវិនាសកម្មជាច្រើនដល់ប្រជាជនស្លូតត្រង់ជាដើម៕