(ភ្នំពេញ)៖ លោក ពុយ គា អ្នកកាសែតជើងចាស់កម្ពុជា បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្នុងពពកខ្មៅមួយ តាមរយៈការបែងចែកប៉ូលរវាងពួកមហាអំណាច រហូតធ្វើឱ្យពិភពលោកមានភាពតាន់តឹង បង្កឱ្យមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
លោក ពុយ គា បានលើកឡើងយ៉ាងដូច្នេះថា៖ «សណ្តាប់ធ្នាប់ពិភពលោកនេះ វាស្ថិតនៅក្នុងស្ថានភាពពពកខ្មៅ ក្នុងនោះដោយសារតែពិភពលោកបានចាប់ផ្តើមបែងចែកពហុប៉ូលនយោបាយធំៗ យើងដឹងហើយថា តាំងពីដើមមក សហរដ្ឋអាមេរិកហ្នឹងហើយដែលគិតថាខ្លួនជាមហាអំណាចធំជាងគេ ដូច្នេះគាត់ចង់រក្សានូវតួនាទីរបស់គាត់ អញ្ចឹងហើយបានអាមេរិក មើលឃើញថាប៉ូលចិន និងប៉ូលរុស្ស៉ី គឺជាការគំរាមកំហែងអំណាច និងឥទ្ធិពលនៅក្នុងនយោបាយ ឬយោធា នៅក្នុងពិភពលោក ធ្វើឱ្យស្ថានភាពតាន់តឹងរហូតមកដល់បច្ចុប្បន្ននេះ»។
តាមការបែងចែកប៉ូលនយោបាយរវាងមហាអំណាចនេះដែរ លោក ពុយ គា បានថ្លែងថា ព្រឹត្តិការណ៍សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ត្រូវបានក្រុមអ្នកជំនាញជាច្រើនបានបញ្ចេញទស្សនស្របគ្នាថា បញ្ហាអង្គការណាតូ បានធ្វើឱ្យពិភពលោកមានការប្រែប្រួល ប្រសិនបើអង្គការណាតូ មានបំណងរំកិលខ្លួនទៅខាងកើត គឺនឹងមានបញ្ហាកើតឡើងហើយ ខណៈប្រទេសរុស្ស៉ី ជារើយៗតែងតែអំពាវនាវដល់អង្គការណាតូ សូមកុំបន្តរំកិលមកជាប់ទឹកដីរបស់រុស្ស៉ី។
លោក ពុយ គា បានចោទជាសំណួរថា អង្គការណាតូ មានសមាជិកចំនួន ៣០ប្រទេស ក្នុងនោះមាន ២៨នៅទ្វីបអឺរ៉ុប ខណៈមានតែសហរដ្ឋអាមេរិក និងកាណាដា តែប៉ុណ្ណោះដែលសមាជិកមកពីទ្វីបផ្សេង។ អញ្ចឹងគាត់ដឹកនាំមកពីចម្ងាយ ធ្វើឱ្យអឺរ៉ុបឈ្លោះគ្នា រហូតបច្ចុប្បន្ននេះ មិនដឹងថាស្ថានភាពរបស់អ៊ុយក្រែននេះ ហើយអឺរ៉ុបទាំង២៨ប្រទេស នៅបន្តស្តាប់អាមេរិក និងកាណាដា បន្តទៀតទេ ឬមួយត្រូវគិតថា តើរើបម្រាស់ខ្លួនយ៉ាងដូម្តេច ដើម្បីបញ្ចៀសនូវសង្គ្រាម?
លោក ពុយ គា បានគូសបញ្ជាក់ថា ពិភពលោកបានបង្ហាញពីការព្រួយបារម្ភចំពោះលោក ពូ ទីន និងលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៉ី តាមការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈអាវុធនុយក្លេអ៊ែរ របស់រុស្ស៉ី មាន២ប្រភេទដែលមានអានុភាពខ្លាំងក្លាបំផុត។
លោក ពុយ គា បានបន្ថែមថា សម្រាប់សហរដ្ឋអាមេរិក គឺខ្លាចឥទ្ធិពលរបស់ចិន និងរុស្ស៉ី នៅក្នុងទ្វីបអឺរ៉ុប ដូច្នេះ ប្រសិនបើប៉ូលនយោបាយទាំង២នេះ បន្តកើនកម្លាំងទៀតនោះច្បាស់ណាស់ នឹងធ្វើឱ្យអាមេរិកបាត់បង់ឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ ត្រង់ចំណុចនេះ តាមរយៈបញ្ហារវាងអ៊ុយក្រែន និងរុស្ស៉ី បានក្លាយជាឱកាសដ៏ល្អសម្រាប់អាមេរិក ដើម្បីយកមកធ្វើជាហេតុផល បន្សាបអំណាចរបស់រុស្ស៉ី។
សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» ក្នុងគោលបំណងបង្ហាញពីផលប៉ះពាល់នានាដែលនឹងអាចកើតមាន ព្រមទាំងបញ្ហាប្រឈម ទាំងទិដ្ឋភាពទ្រឹស្ដី និងទិដ្ឋភាពជាក់ស្ដែងដើម្បីឱ្យមហាជនបានដឹង និងជ្រាបពីការវិវត្តថ្មីនៃសណ្តាប់ធ្នាប់ពិភពលោកក្នុងដំណាក់កាលថ្មី៕