(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សមាគមសា្ថប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិស្តីពី «កិច្ចការពារសា្ថប័នគ្រប់គ្រងការបោះឆ្នោតក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យសកលលោកមានការធ្លាក់ចុះ»។

មហាសន្និបាតនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជាមួយប្រទេសដែលជាសមាជិក A-WEB សរុប១០៩ប្រទេស។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ គណៈប្រតិភូ គ.ជ.ប កម្ពុជា នឹងចេញដំណើរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ហើយឆ្លៀតក្នុងឱកាសចេញដំណើរនោះលោក ឌឹម សុវណ្ណារុំ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីសារៈសំខាន់នៃព្រឹត្តិការណ៍ខាងលើនេះ វេលាម៉ោង ៦ល្ងាចនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕