(ភ្នំពេញ)៖ មន្រ្ដីកាំកុងត្រូល សាខាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដឹកនាំដោយលោក តែ អ៉ិតលាង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យដាក់តាំងលក់ នៅផ្សារចំនួន៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រួមមាន ផ្សារជម្ពូវ័ន្ត ផ្សារចោមចៅ និងផ្សារPencil ដើម្បីស្វែងរកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផលក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ នៃការប្រើប្រាស់មួយចំនួន គឺសាច់ជើងជ្រូកកំប៉ុងចំនួន១២កំប៉ុង ដើម្បីយកទៅកម្ទេចចោលនាពេលខាងមុខ។
សម្រាប់យុទ្ធនាការ នៃការចុះត្រួតពិនិត្យទំនិញនៅផ្សារទាំង៣នេះ លោក តែ អ៉ិតលាង បានថ្លែងថា «គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករកំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព និងដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទ ដាក់លក់នៅលើទីផ្សារនោះ ដែលនាំឲ្យខូចដល់សុខភាពរបស់ប្រជាពលរដ្ឋ»។
លោកបានឱ្យដឹងថា ការចុះពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការ ចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពី អគ្គនាយកកាំកុងត្រូល និងប្រធានសាខា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរ ចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យទំនិញ ខូចគុណភាព ព្រមទាំងចំណែកការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ក៏ដូចជា ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ អនុប្រធានសាខាកាំកុងត្រូលរូបនេះ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕