(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពស្រូវ ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ នៅមូលដ្ឋានឃុំមៀន និងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ការចុះមកពិនិត្យស្ថានភាពជាក់ស្តែង នៅលើទីតាំងរងគ្រោះដោយសារទឹកជំនន់នេះ គឺភាពចាំបាច់សម្រាប់សិក្សា ពីទំហំផលប៉ះពាល់ ដើម្បីឈានទៅរកដំណោះស្រាយ តាមរយៈការគាំទ្របច្ចេកទេស និងធនធានសមស្រប ហើយនេះក៏ជាការងារអាទិភាពរបស់ក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយបន្ទាន់ជូនប្រជាពលរដ្ឋ ព្រោះដំណាំស្រូវនេះជាប្រភពស្បៀង និងចំណូលយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់។

លើសពីនេះ លោក អ៊ាង សុផល្លែត បានបន្ថែមថា បញ្ហារបស់ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ គឺជាបញ្ហារបស់ក្រុមការងារដែលចាំបាច់ចុះមកផ្ទាល់ ដើម្បីជំរុញការដោះស្រាយឱ្យទាន់ពេលវេលា និងឱ្យខាងតែបាន។

ប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ បានជួយសហការការឆ្លើយតបនឹងផលប៉ះពាល់ដំណាំស្រូវរដូវប្រាំង ខូចខាតដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ កាលពីដើមខែតុលានេះ និងធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារ ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញ៕