(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល។
ក្នុងសារលិខិតសម្តេច ហេង សំរិន បានលើកឡើងថា «ខ្ញុំនិងភរិយា ពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយបំផុតចំពោះឧបទ្ទវហេតុ នៃការលិចទូកចម្លងសិស្សានុសិស្ស ចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីយប់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបណ្តាលឱ្យស្លាប់ជាច្រើននាក់ និងមួយចំនួនទៀត ត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យ ។
ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងសាច់ញាតិទាំងអស់ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធចៅៗ ដែលបានបាត់បង់ ជីវិតទាំងអស់ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់ក្មួយៗរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមឱ្យឆាប់បានជាសះស្បើយ ដើម្បីបានមកបន្តការសិក្សាធម្មតាវិញ»។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលា ទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលកុមារចំនួនស្លាប់១១នាក់ និងរួចជីវិត ៤នាក់៕