(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាពោង ស្ថិតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានរៀបចំពិធីប្រគល់ «កញ្ចប់នៃក្តីស្រឡាញ់» ជូនដល់សិស្សានុសិស្សចំនួន១៧២នាក់។ ថ្លែងដោយក្តីរំភើបរីករាយ លោក សម្បត្តិ កុសល នាយកសាលាបឋមសិក្សាពោងបានជម្រាបជូនដល់អង្គពិធីថា កញ្ចប់នៃក្តីស្រឡាញ់នាថ្ងៃនេះ ដែលជាអំណោយរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) គឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅនិងជាការលើកទឹកចិត្តបន្ថែមដល់ការសិក្សារបស់សិស្សានុសិស្ស។
លោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិ CFPD ប្រចាំកម្ពុជា បានរំលេចអំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ក្រោមទម្រនៃកិច្ចសហការយ៉ាងល្អប្រសើរវាងមូលនិធិ CFPD និង វ.ស.ស. ដែលបានអនុវត្តនូវគម្រោងជាច្រើនក្នុងប្រទេសកម្ពុជា រួមមានគម្រោងកាត់បន្ថយភាពក្រីក្រ គម្រោងទឹកស្អាត គម្រោងសាងសង់អគារសិក្សា គម្រោងជីកអណ្តូងទឹក គម្រោងចែកជូនសម្ភារៈសិក្សា គម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងចែកជូនកង់ គម្រោងវះកាត់ភ្នែក និងគម្រោងដទៃជាច្រើនទៀត។
ឯកឧត្តម អ៊ូ គ័រឈាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានសាទរនឹងសមិទ្ធផលដ៏ច្រើនដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនានារបស់ប្រទេសចិន ជាមួយនិង វ.ស.ស.។ ឯកឧត្តមក៏បានសន្យាពាំនាំនូវតម្រូវការនិងសំណូមពរនានារបស់ វ.ស.ស. ជូនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដើម្បីចូលរួមបង្កើនរង្វង់វឌ្ឍនភាពរបស់ វ.ស.ស.។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនានារវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរក្រោមដំបូលសន្តិភាព លំហសេរីភាព និងប្រជាធិបតេយ្យពេញបរិបូរណ៍ក្នុងប្រទេសកម្ពុជា ហើយកិច្ចប្រឹងប្រែងនានាដែលបានកើតឡើងក្រោមទម្រនៃកិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឆ្លើយតបនិងបំពេញបានតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជានៅនឹងមូលដ្ឋាន។
គួររំលេចផងដែរថា គិតមកដល់ថ្ងៃនេះ វ.ស.ស. បានចែកជូនកញ្ចប់នៃក្តីស្រឡាញ់សរុបចំនួន៤៦៦៤កញ្ចប់ ដល់សិស្សានុសិស្ស ក្នុងនោះសិស្សានុសិស្សនៅខេត្តត្បូងឃ្មុំចំនួន២៩៩៥នាក់ នៅសាលាបឋមសិក្សាព្រែកតាមាក់ចំនួន១២៤០នាក់ សាលាបឋមសិក្សាអង្គកំនប់ចំនួន២៥៧នាក់ និងសាលាបឋមសិក្សាពោងចំនួន១៧២នាក់។