(ព្រះសីហនុ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងលទ្ធផលនៃការវាយតម្លៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបានរៀបចំក្រោមកិច្ចសហការ រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) ប្រចាំកម្ពុជា ដោយមានអ្នកចូលរួមប្រមាណប្រមាណ ២០០នាក់។
បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យរយៈពេលវែងក្នុង ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។
លោកបន្តថា តាមរយៈចក្ខុវិស័យ និងការប្តេជ្ញាចិត្តខាងលើ រាជរដ្ឋាភិបាលបានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលក្របខណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់នេះ ជាឯកសារគោល និងជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត ដោយផ្អែកលើអភិក្រមកិច្ចគាំពារសង្គមពេញមួយវដ្តជីវិត និងដែលមានសសរស្តម្ភសំខាន់ៗចំនួន២ រួមមាន ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
លោកបន្តបន្ថែមថា«ក្នុងដំណើរនៃការអនុវត្តដ៏វែងឆ្ងាយនេះ រាជរដ្ឋាភិបាល ដោយមានកិច្ចសហការពីគ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាជនកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការអនុវត្តកម្មវិធី និងរបបនានា ក្រោមប្រព័ន្ធគាំពារសង្គម តួយ៉ាងដូចជាការអនុវត្តកម្មវិធីជាតិជំនួយសង្គមដែលមានវិសាលភាពទូទាំងប្រទេសដំបូងបំផុត គឺកម្មវិធីវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងរបបសន្តិសុខសង្គម ដែលកំពុងអនុត្តដោយដោយ ប.ស.ស. ជាដើម។»
លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលជាកម្មវិធីជាតិជំនួយសង្គមដំបូង ដែលមានកម្រិត វិសាលភាពទូទាំងប្រទេស និងប្រើប្រាស់ថវិការដ្ឋទាំងស្រុង។ របកគំហើញ និងអនុសាសន៍គន្លឹះ ចេញពីការវាយតម្លៃនេះ នឹងអនុញ្ញាតឱ្យឃើញពីសក្តានុពលនៃកម្មវិធី ក៏ដូចជាចំណុចដែលត្រូវកែលម្អឆ្ពោះទៅរកការលើកកម្ពស់ និងបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាពនៃកម្មវិធី។
លោកស្រីបន្តថា កម្មវិធី និងរបបមួយចំនួនត្រូវបានគិតគូរដាក់ឱ្យអនុវត្ត និងកែលម្អ ជាបន្តបន្ទាប់ និងដាក់ចេញកម្មវិធី និងរបបថ្មីៗមួយចំនួនទៀត ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាកលនៃជំងឺកូវីដ-១៩ និងការវិវត្តនៃកត្តាសង្គម- សេដ្ឋកិច្ចតំបន់ និងសាកល។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺជាកម្មវិធីជាតិជំនួយសង្គមដំបូង ដែលមានកម្រិតវិសាលភាពទូទាំងប្រទេស និងប្រើប្រាស់ថវិការដ្ឋទាំងស្រុង។ គិតមកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះ បានដំណើរការអស់រយៈពេលជាង ៣ ឆ្នាំរួចមកហើយ ចាប់តាំងពីពេលដាក់ឱ្យដំណើរការដំបូងក្នុងខែមិថុនា ឆ្នាំ២០១៩។
ដោយឡែកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានរយៈពេល២៧ខែបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះចំនួន ៦៩១ ៧០៩ គ្រួសារ ស្មើនឹង ២ ៧៣១ ២៧៣ នាក់ ដោយបានចំណាយថវិកាជាតិ ប្រមាណ ៨០៥,៧១ លានដុល្លារអាមេរិក៕