(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នឹងចាប់ផ្តើមបើកសម្ពោធប្រកួតចាប់ពី រាត្រីថ្ងៃស្អែកនេះតទៅហើយ ក្នុងទឹកដីប្រទេសបារាំង ដោយមានទូរទស្សន៍ក្នុងស្រុកកម្ពុជា CTN, MyTV និង CNC ត្រៀមផ្សាយបន្តផ្ទាល់ ពីយុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តង លើកទី១៥ នេះផងដែរ។
ការចាប់ផ្តើមចេញដំណើរដំបូង ម្ចាស់ផ្ទះបារាំង ប៉ះក្រុមជម្រើសជាតិរ៉ូម៉ានី ម៉ោង ២៖០០នាទីរំលងអាធ្រាត្រ ដែលជាការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល ដោយមាន៣ប្រកួតក្នុង១រាត្រី នៅចន្លោះម៉ោង ៨យប់ ១១យប់ និងម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងចំណោម២៤ក្រុមចូលរួម ចែកចេញជា៦ពូល (A-F) ដោយក្នុង១ពូល មាន៤ ក្រុមជម្រើសជាតិ ស្មើនឹង៥១ប្រកួត នៅលើកីឡដ្ឋានទាំង១០ ទូទាំងប្រទេសបារាំង។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ក្នុងការធ្វើម្ចាស់ផ្ទះបាល់ទាត់ Euro (១៩៦០ ១៩៨៤ ២០១៦) និងឆ្នាំសម្រាប់ប្រទេសបារាំង តែធ្លាប់ឈ្នះពាននេះបាន២ដងដែរ នៅឆ្នាំ១៩៨៤ និងឆ្នាំ២០០០ ក្នុងខណៈដែល អេស្ប៉ាញ ជាក្រុមការពារតំណែងជើងឯក ក្រោយពីបានបំបាក់ជម្រើសជាតិអ៊ីតាលី ៤-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០១២ នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន៕