(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង១១យប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ សពក្មេងប្រុសម្នាក់ ដែលជួបគ្រោះលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាល រកមិនទាន់ឃើញនៅឡើយទេ។
សពក្មេងប្រុសដែលរកមិនទាន់ឃើញនេះ មានឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។ ការមិនមានក្តីសង្ឃឹមថាសាច់ញាតិខ្លួនមិននៅមានជីវិតជារឿងសង្វេគ ណាស់ទៅហើយ តែការរកឃើញមិនសពធ្វើឱ្យអាណាព្យាបាល និងបងប្អូនសាច់ញាតិកាន់តែក្តុកក្តួលខ្លាំងថែមទៀត។
គ្រាដែលកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរុករកយ៉ាងយកចិត្តទុកដាក់នោះ អាណាព្យាបាល បងប្អូនសាច់ញាតិសពក្មេងប្រុស មាស សុវណ្ណាជ ដែលអង្គុយរង់ចាំនៅមាត់ជ្រាំងបានយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែការស្តាយស្រណោះមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ពួកគេបានអង្គុយរង់ចាំសពទាំងចិត្តក្រៀមក្រំ និងស្រងូតស្រងាត់ជាទីបំផុត។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ Fresh News ថា រហូតដល់វេលាម៉ោង ១១យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមរុករក រកមិនទាន់ឃើញសពក្មេងប្រុសខាងលើនៅឡើយទេ។
លោកទេសរដ្ឋមន្ត្រី ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ក្នុងប្រត្តិការរុករកនៅកន្លែងកើតហេតុផ្ទាល់តែម្តងនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ក្រុមការងារដែលបានប្រតិបត្តិការតាំងពីយប់ថ្ងៃកើតហេតុ រហូតមកដល់ថ្ងៃនេះ គឺមានការនឿយហត់ និងអស់កម្លាំងជាខ្លាំង។ អាស្រ័យដូចនេះ លោកទេសរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យពួកគេសម្រាក ហើយត្រូវបន្តការរុករកនៅថ្ងៃស្អែកបន្តទៀត។
លោកទេសរដ្ឋមន្ត្រី បានអះអាងថា អនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ការរុករកសពនេះ គឺត្រូវតែធ្វើរហូតដល់រកសពឃើញប្រគល់ជូនគ្រួសារសព។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ពេលពួកគេឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រជាពលរដ្ឋបានអះអាងថា ទីតាំងដែលលិចទឹកនេះ នៅរដូវប្រាំងទឹកគោកប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ ក្នុងរដូវវស្សាពីរ៣ឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើងលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើ របស់ពលរដ្ឋលើលើកោះចម្រើន។ បើតាមប្រជាពលរដ្ឋទីតាំងដែលទូកលិចនោះ មានជម្រៅប្រមាណប្រមាណតែ៣ម៉ែត្រប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចុះរុករក ជនរងគ្រោះទាំងយប់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់ផង។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។
សម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយសារលិចទូកនេះ អង្គភាពគយ និងរដ្ឋាករសាខាខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អន ស៊ីនួន ក៏បានបញ្ចេញអ៊ូប័រ និងកម្លាំងរបស់លោកជាច្រើននាក់ ដើម្បីជួយសង្រ្គោះ និងដឹកអ្នកជួយសង្រ្គោះ ដឹកថ្នាក់ដឹកនាំតាំងពីយប់ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះផងដែរ ដែលនេះជាការសហការចូលរួមជួយរបស់អង្គភាពគយសាខាខេត្តកណ្ដាល ក្រោយទទួលដំណឹងភ្លាមៗពីអភិបាលស្រុកលើកដែកអំពីការលិចទូកដរនេះ។
ជាតុល្យការរហូតមកដល់វេលាម៉ោង១១យប់ថ្ងៃទី១៤ ខែតុលា ជនរងគ្រោះលើទូក៤នាក់ ត្រូវបានសង្គ្រោះឱ្យរួចជីវិត។ ដោយឡែកអ្នកស្លាប់បាត់បង់ជីវិតរកឃើញ១០នាក់ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕