(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្រ្តីក្រោមឱវាទ ដើរកាត់ទឹកដើម្បីទៅសាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន១០គ្រួសារ ដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ចំនួន២០គីឡូក្រាម.មី ចំនួន០១កេស និងថវិកា២មុឺនរៀលផងដែរ។
បន្ទាប់មក ក្នុងថ្ងៃដដែលនេះដែរ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ក៏បានបន្តសាកចុះសួរសុខទុក្ខ យុវជនពិការភាពម្នាក់ និងផ្តល់ជូនរទេះរុញមួយ ព្រមទាំងថវិកា ១០ម៉ឺនរៀលផងដែរ ។
ក្រោយពីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួចមក លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះសំណេះសំណាល និងនាំយកសម្ភារៈសិក្សា ថវិកា ផ្តល់ជូនដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសំរោងកណ្តាល ចំនួន ២៣០នាក់ ។
នាឱកាសនោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ អោយក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។
លោក ធឹម សំអាន ក៏បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ថែមទៀតផង ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានជូននូវសម្ភារៈសិក្សាដល់ក្មួយៗសិស្ស ក្នុងម្នាក់ៗទទួលបាន ៖ សៀវភៅ ចំនួន០២ក្បាល, ប៊ិច ចំនួន០១, ខ្មៅដៃ ចំនួន០១, ជ័រលុប ចំនួន០១ និងថវិកា ចំនួន ៥០០០រៀល ៕