(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Masagos Zulkifli bin Masgos Mohamad រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ, រដ្ឋមន្ត្រីទី២ ក្រសួងសុខាភិបាល និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាឥស្លាម នៃប្រទេសសិង្ហបុរី។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃសិង្ហបុរី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើនទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ប្រែមុខមាត់ដូចប្រជាជនទូទៅ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ដោយផ្ដល់សិទ្ធិពេញលេញសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដូចជាសិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិប្រត្តិបត្តិសាសនា។
លោកបន្ដថា ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។ សិស្ស-និស្សិតឥស្លាម អាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានស្នេីសិង្ហបុរី សហការលេីការជាមួយកម្ពុជា ក្នុងការផ្តល់គម្រោងសេវាថែទាំសុខភាព និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាទូទៅ ទាំងសាសនិកឥស្លាម និងអ្នកមិនមែនកាន់សាសនាឥស្លាម និងមានការចូលរួមពីវេជ្ជបណ្ឌិតសិង្ហបុរី ដើម្បីផ្ដល់នូវបច្ចេកទេស ព្រមទាំងបទពិសោធន៍ថ្មីៗ ថែមទៀត។ បន្ថែមពីនោះ លោកបានស្នើដល់ សិង្ហបុរីឲ្យចូលរួមលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយមនុស្សធម៌ផងដែរ។
ជាកិច្ចឆ្លើយតប លោកបណ្ឌិត Masagos Zulkifli bin Masgos Mohamad ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបាន សុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត សន្យាថានឹងនាយករាល់សំណើភាគីកម្ពុជាខាងលើ ជូនដល់រដ្ឋាភិបាលសិង្ហបុរីដើម្បីជ្រាប ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី នឹងមានភាពកាន់តែរឹងមាំ និងល្អប្រសើរឡើងបន្ថែមទៀត៕