(ភ្នំពេញ)៖ លោក ឌិត ទីណា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង ក្រោយពីលោកត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
តាមរយៈ Facebook លោក ឌិត ទីណា ដែលជារដ្ឋមន្ដ្រីថ្មី នៃក្រសួងកសិកម្ម ក៏បានលើកឡើងនូវពាក្យសច្ចាប្រណិធានមួយចំនួនផងដែរ ក្នុងនោះមាន ការពារព្រះរាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យរដ្ឋធ្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាព សង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា។
លោករដ្ឋមន្ដ្រី បានសរសេរនូវខ្លឹមសារយ៉ាងដូច្នេះថា៖
«សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយថ្វាយនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះករុណាថ្លៃវិសេស ដែលទ្រង់ស្ដេចសព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំងទូលបង្គំ ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ជាអម្ចាស់ជីវិត ទូលព្រះបង្គំ សូមទូលថ្វាយនូវសេចក្ដីប្ដេជ្ញាចិត្តដ៏មោះមុត ក្នុងការការពារ ព្រះរាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាបំពេញភារកិច្ចរបស់ទូលព្រះបង្គំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របទៅតាមពាក្យសច្ចាប្រណិធានជាធរមាន គឺគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាព សង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជាជាទី គោរពសក្ការៈ និងជាទីស្នេហា។
ទូលព្រះបង្គំ សូមក្រាបថ្វាយព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈ ស្ដេចទ្រង់ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ»។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន និងសមាជិករដ្ឋសភាសរុប១១១រូប៕