(កណ្ដាល)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ឲ្យក្រុមការងារជំនាញ ចុះបពិនិត្យមើលស្ថានភាពផ្លូវលំ ក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្ដាល ដែលរងនូវការលិចលង់ដោយសារទឹកជំនន់ស្ទឺងព្រែកត្នោត និងការកើនឡើងនៃកម្ពស់ទឹកទន្លេបាសាក់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។
ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី លោក សុង សុផល អនុរដ្ឋលេខាធិការ លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ, លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរស្រុក ឃុំ ភូមិ នៃស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។
លោកស្រី ជី ថាវី បានឲ្យដឹងថា ផ្លូវចំនួន២ខ្សែក្នុងខេត្តកណ្តាល ដែលកំពុងរងការលិចលង់ពីទឹកជំនន់ស្ទឹងព្រែកត្នោត និងការកើនឡើង នៃកម្ពស់ទឹកទន្លេបាសាក់នេះ រួមមាន៖
* ផ្លូវលេខ៣៤ (ភូមិអន្លង់ព្រីង)-ភូមិទែន-ភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រវែងសរុប៦,៥០០ម៉ែត្រ ដែលទទួលរងការលិចលង់ពីស្ទឹងព្រែកត្នោត ប្រវែង៥,៥០០ម៉ែត្រ
* ផ្លូវព្រែករាំង-កំពង់ទ្រា ឆ្លងកាត់ចំនួន៤ឃុំ គឺឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មានប្រវែងសរុប ៨,១០០ម៉ែត្រ ដែលទទួលរងការលិចលង់ពីទឹកទន្លេបាសាក់ ប្រវែង១,៤០០ម៉ែត្រ។
លោក សួស គង់ បានអះអាងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកាលៈទេសៈដែលស្ទើរតែទូទាំងប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសក្រសួង ដោយបែងចែកជាក្រុមការងារចំនួន៥មុខព្រួញសំដៅចុះខេត្ត ដែលទទួលរងផលប៉ះពាល់សំខាន់ៗ ដើម្បីអនុវត្តនូវគោលបំណង៣យ៉ាងគឺ៖
*ទី១៖ បើផ្លូវដាច់ដោយទឹកជំនន់ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចាក់បំពេញផ្លូវឡើងវិញ សំដៅតភ្ជាប់ចរាចរណ៍ជូនប្រជាជនភ្លាមកុំឲ្យរាំងស្ទះការងារពលរដ្ឋ
*ទី២៖ បើផ្លូវត្រូវទឹកជំនន់ហូរច្រោះ ត្រូវកត់ត្រា និងត្រៀមលើកគម្រោងជួសជុលថែទាំ នាពេលខាងមុខ
*ទី៣៖ បើផ្លូវត្រូវទឹកលិចទាំងស្រុង ពេលទឹកស្រកភ្លាម អាជ្ញាធរមូលដ្ឋានត្រូវហាមឃាត់ប្រជាពលរដ្ឋ កុំឲ្យបើកបរយានយន្តលើផ្លូវនោះ បង្ការកុំឲ្យផ្លូវខូច ព្រោះគ្រឹះផ្លូវនៅទន់ជ្រាយនៅឡើយ។ ទន្ទឹមនេះ ត្រូវវាយតម្លៃ ដើម្បីត្រៀមលក្ខណ:ក្នុងការលើកផែនការជួសជុលនាពេលខាងមុខ។
ក្នុងឱកាសនោះដែរ ជំនួសមុខឲ្យលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី, លោក សួស គង់ បានថ្លែងនូវអំណរគុណ និងសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរ និងប្រជាជនមូលដ្ឋាន ដែលបានសហការល្អ ជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការខិតខំប្រឹងប្រែងការពារផ្លូវ ជាពិសេសបានច្រកបាវខ្សាច់ បញ្ចៀសចរន្តទឹកនៅតាមកន្លែងដែលមានទឹកហូរខ្លាំង ធ្វើយ៉ាងណាកុំឲ្យទឹកហូរបុកផ្លូវខ្លាំងពេកនាំឲ្យផ្លូវដាច់ និងខូចខាតខ្លាំង។
ដោយមើលឃើញនូវការលំបាករបស់មូលដ្ឋាន ក្នុងការចំណាយលើការទិញបាវ និងខ្សាច់សម្រាប់ទប់ចរន្តទឹកហូរ ជៀសវាងការហូរផ្តាច់តួផ្លូវ លោកបណ្ឌិត សូស គង់ បានឧបត្ថម្ភថវិកាចំនួន១លានរៀល ដល់ឃុំទឹកវិល ស្រុកស្អាង សម្រាប់ចំណាយលើការទិញខ្សាច់ទប់ទឹកបន្ថែមទៀត៕