(ព្រះវិហារ)៖ លោក គីម រីទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យអភិវឌ្ឍន៍គោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ និងចេះឆ្នៃប្រឌិត ពិសេសត្រូវរក្សាឲ្យបាននូវបរិស្ថាន អនាម័យ នៅតាមតំបន់ទេសចរណ៍នីមួយៗឲ្យបានល្អប្រសើរ។
ការណែនាំរបស់លោកអភិបាលខេត្តព្រះវិហារ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតឡើងវិញពីទេសចរណ៍» នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន២៨០,៥២២នាក់ កើនឡើង១៧១,៥១%, ភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង៦៦៦,០៦% និងមានបុគ្គលិកបម្រើការងារក្នុងមូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។
លោកប្រធានមន្ទីរបានបន្ដថា ជាការកត់សម្គាល់ភ្ញៀវដែលស្នាក់នៅទស្សនាកំសាន្ត តាមរម្មណីយ៍ដ្ឋានផ្សេងៗ មានប្រមាណជា២០,១១% និងភ្ញៀវទេសចរដែលមកកំសាន្ត ហើយវិលត្រលប់ទៅវិញប្រមាណជា៧៩,០៩%។
ក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តល់អនុសាសន៍ មួយចំនួនសម្រាប់វិស័យទេសចរណ៍ស្របពេលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំដំបូង ស្ថិតក្នុងដំណាក់កាល នៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាឈរលើទស្សនៈ «អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ» មានដូចជា ជំរុញការអភិវឌ្ឍន៍ និងគោដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ និងគំនិតច្នៃប្រឌិត ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឲ្យអាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានថ្លែងផ្តាំផ្ញើដល់អាជីករទាំងអស់ ដើម្បីឲ្យភ្ញៀវទេសចរចូលមកលេងកំសាន្ត ត្រូវគិតអំពីអេកូទេសចរណ៍ គឺទេសចរណ៍បែបធម្មជាតិ ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែលមានស្រាប់ ដោយសំអាត បរិស្ថាន អនាម័យ ឲ្យមានល្អទាំងម្ហូបអាហារ និងបន្ទប់ទឹកផងដែរ៕