(កំពង់ចាម)៖ លោក ហេង សួរ បានស្នើដល់សមាជិករបស់គណបក្សឃុំផ្អាវត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ កសាងហេដ្ឋារចនាសម្ព័ន្ធនានាបម្រើតម្រូវការរស់នៅរបស់ពលរដ្ឋប្រចាំថ្ងៃ និងធានាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព នោះពលរដ្ឋក្នុងមូលដ្ឋានប្រាកដជាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យដូចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

លោក ហេង សួរ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមជនបង្គោលយុវជន ស្រុកបាធាយ ខេត្តកំពង់ចាម បានជំរុញ និងដាក់ផែនការនេះ ក្នុងឱកាសដែលរូបលោក អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សឃុំផ្អាវ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

លោក ហេង សួរ បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះសមាជិក សមាជិកាបក្សឃុំផ្អាវ ស្រុកបាធាយ ដែលបានយកចិត្តទុកដាក់ យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ទទួលបានលទ្ធផលការងារល្អប្រសើរ ប្រជាជនសប្បាយរីករាយនឹងសមិទ្ធផលថ្មីៗទាំងនេះ។ លោកបានបញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំលេងគាំទ្រនៅទូទាំងប្រទេសយ៉ាងដូច្នេះ ពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលពេញចិត្ត ជឿជាក់ និងគោរពស្រលាញ់ ចំពោះគណបក្ស ធ្វើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់របស់បក្សរឹតតែមានកម្លាំងចិត្តខិតខំ បម្រើសេវាសាធារណៈឲ្យកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ៕