(ភ្នំពេញ)៖ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបដិសេធថា អាជ្ញាធរពុំបានរារាំងដល់គម្រោងសង់ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ នៅក្រុងតាខ្មៅទេ ប៉ុន្តែលោកថាមូលហេតុដែលមានការផ្អាក គម្រោងទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សប្រឆាំងនោះ កើតឡើងដោយសារតែការតវ៉ារបស់ប្រជាពលរដ្ឋ និងបញ្ហាផ្ទៃក្នុងរបស់ CNRP លើទំហំផ្ទៃដី។
ការប្រតិកម្មរបស់ អភិបាលខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពី លោក យ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានអះអាងនៅក្នុងសន្និសីទកាសែតមួយ ឯទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយប្រកាសអំពីការផ្អាកគម្រោងទូរទស្សន៍ព្រះអាទិត្យ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ហើយថា មូលហេតុបណ្តាលឱ្យមានការផ្អាកនេះ ដោយសារតែការរារាំងពីអាជ្ញាធរដែនដី។
លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា «ដីមួយកន្លែងដែលយើងបាននៅក្រុងតាខ្មៅ យើងបានរៀបចំដាក់ពាក្យដើម្បីសុំដំឡើងអង់តែន ហើយមានប្រជាពលរដ្ឋ ហើយមាន (គេ) យកលេសក្រោមហេតុផលថា ប្រជាពលរដ្ឋមួយចំនួន លោកប្តឹងថា អាចប៉ះពាល់ដោយសារវិទ្យុសកម្មជាដើម វាជារឿងគួរឱ្យចម្លែក ព្រោះស្ថានីយ៍ទូរទស្សន៍មួយចំនួន មានប្រជាពលរដ្ឋរស់នៅជុំវិញទាំងអស់»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានប្រាប់ Fresh News ឱ្យដឹងថា លោក យ៉ែម បុញ្ញឫទ្ធិ កំពុងបៀមឈាមព្រោះដាក់គេ។ លោកថា បញ្ហានេះ មកពីផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ដែលមិនចង់បានទីតាំងតូច នៅក្នុងដីឡូត៍ខាងលើ ហើយដោយសារមានប្រជាពលរដ្ឋរស់នៅជុំវិញនាំគ្នាផ្តិតមេដៃ មិនឱ្យមានការសាងសង់ស្ថានីយ៍ទូរទស្សន៍ ដោយសារតែបារម្ភថា ខ្លះប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
លោកថា «គឺប្រជាជនគាត់ជាអ្នកជំទាស់ មិនឱ្យមានការសម្រេចឱ្យ គណបក្សសង្រ្គោះជាតិ លើកអង់តែនទូរទស្សន៍នៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀនហ្នឹងទេ ព្រោះវាប៉ះពាល់ដល់សុខភាពពួកគាត់ គាត់ខ្លាចមានបញ្ហាវិទ្យុសកម្ម នេះគឺជាសំណូមពរប្រជាជនរស់នៅជុំវិញដីឡូតិ៍នោះ ហើយមួយទៀតគឺគាត់សង់អង់តែន នៅលើដីឡូត៍តូច វាមិនទំនងហើយសូម្បីតែផ្ទៃក្នុងរបស់គាត់ ក៏មិនឯកភាពគ្នាដែរ លើបញ្ហាស្នើសុំហ្នឹង នេះប្រហែលជាមកពីបញ្ហាមិនសូវស្រុះស្រួលផ្ទៃក្នុងគាត់ផង»។
គម្រោងទូរទស្សន៍ព្រះអាទិត្យ របស់គណបក្សសង្រ្គោះជាតិ ដែលប្រើដើមទុនយ៉ាងហោចណាស់ ៣លានដុល្លារ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសថា នឹងចាប់ផ្តើមដំណើរការនៅអំឡុងឆ្នាំ២០១៥ បន្ទាប់ពីរៃអង្គាសថវិកាពីសប្បុរសជន នានាបានមួយចំនួន។ ទោះជាយ៉ាងណាគម្រោងនេះ មិនបានសម្រេចតាមគោលដៅនោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ ក៏បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅព្រឹកមិញដែរថា គណបក្សសង្រ្គោះជាតិ កំពុងស្វែងរកទីតាំងថ្មីទៀត ដើម្បីបន្តគម្រោងទូរទស្សន៍ព្រះអាទិត្យនេះ៕