(កណ្តាល)៖ ជាមួយក្តីក្តួលរំជួលចិត្តដ៏ជ្រាលជ្រៅបំផុតជាមួយគ្រួសារសព ជនរងគ្រោះនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំទាំងយប់ ជាមួយគ្រួសារសពកុមារទាំង ១១រូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតការណ៍លិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល។

នៅចំពោះមុខគ្រួសារសពកុមារទាំង១១រូប កំពុងបូជាសពកូននៅវត្តកំពង់ភ្នំក្នុង ឃុំកំពង់ភ្នំ ស្រុកលើកដែក លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសពទាំងអស់។

លោកស្រី ម៉ែន នារីសោភ័គ បានជម្រាបដល់អ្នកព័ត៌មានថា បន្ទាប់ពីទទួលបាននូវព័ត៌មាននៃការលិចទូក និងគ្រោះថ្នាក់ដល់អាយុជីវិតកុមារទាំង ១១រូបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតក់ស្លុតរន្ធត់ចិត្ត និងកើតក្តីសង្វេគជាពន់ពេក។ លោកស្រី ម៉ែន នារីសោភ័គ បានបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានហូរទឹកភ្នែកនឹកសង្វេគ​ និងស្តាយស្រណោះចំពោះកុមារទាំង១១រូប សុទ្ធតែជាសិស្សានុសិស្សស្រឡាញ់ការសិក្សារៀនសូត្រ។

លោកស្រី បានគូសបញ្ជាក់ទៀតថា ក្រៅតែពីការតក់ស្លុតក្នុងហេតុការណ៍នេះហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី, លោកស្រី និងសហការី នាំគ្រឿងឧបភោគ បរិភោគ និងថវិកាចូលរួមរំលែកមរណទុក្ខ រំលែកនូវការលំបាកជាមួយគ្រួសារសពទាំងយប់តែម្តង។ តាមរយៈកាយវិការនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្ត និងក្តីខ្វល់ខ្វាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលគេប្រសិទ្ធនាមជាមាតាមនុស្សធម៌ ចំពោះគ្រួសារសពជនរងគ្រោះ។

លោកស្រី ពុំ ចន្ទីនី នៅក្នុងនោះ ក៏បាននាំយកនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់នូវការលើកកម្លាំងដល់គ្រួសារសព យកនូវព្រះធម៌រំលត់នូវក្តីសង្វេគ ហើយព្យាយាមថែទាំងសុខភាពឱ្យបានរឹងមាំឡើង។

ទន្ទឹមនឹងនេះលោកស្រី ពុំ ចន្ទីនី និងលោកស្រី ម៉ែន នារីសោភ័គ បានសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធកុមារបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ព្រមទាំងសូមជូនពរដល់ក្មេងៗជនរងគ្រោះរួចផុតជីវិតពីការស្លាប់ សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។

តំណាងគ្រួសារសព បានថ្លែងអំណរគុណជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌មហាធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែជួយរាល់ពេលប្រជាពលរដ្ឋមានទុក្ខ និងជួបការលំបាកនានា។ ក្រុមគ្រួសារជនរងគ្រោះគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន និងបានប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយការចូលរួមរំលែកមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា​ បាននាំយកគ្រឿងឧបភោគបរិភោគ​ និងបច្ច័យសម្រាប់ចូលបុណ្យសពកុមារទាំង១១​រូប (រួមទាំងសព​ ១​ ដែលកំពុងស្វែងរក)​ ដោយក្នុង​គ្រួសារនីមួយៗរួមមាន​៖​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច​ ៥កេស​ និងថវិកា​ ៥លានរៀល​។

បន្ទាប់ពីបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពហើយនោះ លោកស្រី ពុំ ចន្ទីនី និងលោកស្រី ម៉ែន នារីសោភ័គ ក៏បាននាំយកផ្លែឈើទៅចែកជូនកងកម្លាំងទាំងអស់ ដែលកំពុងប្រតិបត្តិការរុករកជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា ហេតុការណ៍អកុសលលិចទូកនេះ បណ្តាលឱ្យសិស្សសាលា១១រូប ស្លាប់បាត់បង់ជីវិត និងសង្គ្រោះបានចំនួន ៤រូប។ រហូតមកដល់យប់ថ្ងៃទី១៤ ខែតុលា សពជនរងគ្រោះមួយរូបរកមិនទាន់ឃើញនៅឡើយទេ៕