(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា។

ក្នុងឱកាសនោះ លោក សុខ សូកាន បានថ្លែងនូវសេចក្ដីកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការរៀបចំវគ្គបណ្ដុះបណ្ដាល ដែលដឹកនាំដោយការិយាល័យបច្ចេកទេស និងអភិវឌ្ឍន៍ ព្រមទាំងលេខាធិការដ្ឋាននៃសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលកម្រិតថ្នាក់ជាតិ និងថ្នាក់ខេត្តនេះឡើង។

លោក សុខ សូកាន បានបន្តថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលនេះរៀបចំឡើងក្នុង គោលបំណងចម្បងដើម្បី បង្កើតគុណវុឌ្ឍិធនធានអាជ្ញាកណ្ដាល ដើម្បីឈានទៅទទួលបានជាអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ ក៏ដូចជាដើម្បីពង្រឹងសក្ដានុពល ធនធានមនុស្សលើវិស័យកីឡាប៊ូលនិងប៉េតង់ រួមមានជាអាទិ៍ អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស ដើម្បីត្រៀមខ្លួនចូលរួមរៀបចំការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ។ ក្នុងនោះដែរសហព័ន្ធជំរុញលើកទឹកចិត្តអោយសិក្ខាកាមដែលទើបបញ្ចប់វគ្គ បន្តឈានទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ ដើម្បីអោយកម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិអោយបានច្រើន។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានប្រកាសពីផែនការប្រកួតទាំងកម្រិតជាតិនិងអន្តរជាតិ ដែលរួមមានការប្រកួតពានរង្វាន់គរុគុណ, ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ​២០២២, និងការប្រកួតកីឡាជាតិលើកទី៣ ក៏ដូចជា៖ ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃឡង់ដ៍។

ក្នុងនោះដែរលោកក៏បានបន្ថែមថា ការប្រកួតពានរង្វាន់គរុគុណនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ ពិសេសជាខួបទី៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៉ូល នឹងប៉េតង់កម្ពុជា ដែលកន្លងមកបានទទួលការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុនតាំងពីឆ្នាំ១៩៩២មក ដែលមាន សម្ដេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្ដេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ក្រោមម្លប់សន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររំលឹកផងដែលថាបច្ចុប្បន្នលោក ស សុខា ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

លោក សុខ សូកាន បានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ និងវឌ្ឍនភាពនៃវិស័យកីឡាប៊ូលនិងប៉េតង់កម្ពុជា សហព័ន្ធតែងប្រកាន់ខ្ជាប់នូវ​គោលការណ៍តម្លាភាព៤យ៉ាង ដែលរួមមាន៖ តម្លាភាពនៃការជ្រើសរើសចូលរួមប្រកួត ជម្រើសជាតិ, តម្លាភាពក្នុងការធ្វើតេស្តប្រចាំខែ, តម្លាភាពក្នុងការជ្រើសរើសចេញ​ទៅប្រកួតនៅក្រៅប្រទេស, និងតម្លាភាពក្នុងការជម្រុះ។

បន្ថែមពីនេះដែរលោក សុខ សូកាន ក៏បានសម្ដែងនូវសេចក្ដីរីករាយនិងអបអរសាទរដល់បងប្អូនសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការបណ្ដុះបណ្ដាល​ប្រកបដោយជោគជ័យ ព្រមទាំងទទួលបាននូវវិញ្ញាបនបត្រ ដែលអនុញ្ញាតឱ្យបងប្អូនមានសិទ្ធិចូលធ្វើជាអាជ្ញាកណ្ដាលនៅក្នុងការប្រកួតនានា នៅកម្រិតក្លឹប ឬកម្រិតខេត្ត ឬក៏កម្រិតថ្នាក់ជាតិនិងផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ឱ្យជួយធ្វើការផ្សព្វផ្សាយបន្តនូវច្បាប់ថ្មីៗរបស់កីឡាប៉ូល និងប៉េតង់ ក៏ដូចជាចំណេះដឹង និងមេរៀនដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅកាន់ក្លឹបកីឡាប៊ូលនិងប៉េតង់នៅក្នុងចំណុះ សម្ព័ន្ធ ឬខេត្តរបស់ខ្លួនឱ្យបានទូលំទូលាយផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ដែលមានសិក្ខាកាមសរុប៤១ មកពីបណ្តារាជធានី-ខេត្ត ជាសម័្ពន្ធ និងក្លឹបរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយទទួលបានលទ្ធផលជោគជ័យជាផ្លែផ្កា និងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ពិសេស ប្រកបដោយ វិន័យខ្ពស់ ក្នុងការ បង្រៀននិង រៀន ព្រមទាំង គោរពបានតាមវិធានការ សុខាភិបាលក្នុងការ រួមចំណែក ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕