(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធព្រះរាជពិធីសូត្រមន្តចំរើនបរិត្ត ពិធីរាប់បាត្រ ប្រគេនថ្វាយ ទេយ្យទាន គ្រឿងបរិក្ខា និងចង្ហាន់ ដើម្បីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈខ្ពង់ខ្ពស់បំផុត។
បន្ថែមពីនេះ នៅរសៀលថ្ងៃទី១៤ ខែតុលាដដែល ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានយាង ដឹកនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សហ្វ៊ុនស៉ិនប៉ិច គោរពដួងព្រះវិញ្ញាណក្ខន្ធ នៅចំពោះមុខព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជធានីភ្នំពេញ។
គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕