(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណ:ប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពីជំងឺអេដស៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី៨ ដល់១០ ខែមិថុនា ឆ្នាំ២០១៦។
គណ:ប្រតិភូកម្ពុជាចូលរួមមាន លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ លោក ហោ ប៊ុនឡេង អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ស៊ន ពិសិដ្ឋ ជំនួយការទេសរដ្ឋមន្រ្តី លោក ឡៅ សុខសំភារ លេខាធិការទី១ ស្ថានតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកស្រី ឈឹម កុលាប និងលោកស្រី ស៊ូ ស៊ីណា តំណាងសង្គមស៊ីវិលនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាត បានអនុម័តលើសេចក្តីថ្លែងការណ៍ នយោបាយស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ការបង្កើន ល្បឿនវឌ្ឍនភាពដើម្បីសម្រេច ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងឈានទៅលុបបំបាត់ ការរីករាលដាលមេរោគអេដស៍ នៅមុនឆ្នាំ២០៣០ថា នេះជាការជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា នៅរយ:ពេល២៥ឆ្នាំកន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងទៀតថា ការជោគជ័យដែលកម្ពុជា ទទួលបានគឺមិនមែនកើតឡើងដោយចៃដន្យឡើយ គឺបានមកពីការប្តេជ្ញាចិត្តនយោបាយដ៏ខ្ពង់ខ្ពស់ រួមជា មួយនឹងកិច្ចប្រឹងប្រែងនានាពីតួអង្គសំខាន់ៗដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកជំងឺអេដស៍ និងបណ្តាញក្រុមអ្នក ប្រឈមមុខខ្ពស់ ដែលបានធ្វើការសម្រេច ចិត្តរួមគ្នានៅគ្រប់កម្រិត ក្នុងការរៀបចំ និងអនុវត្តនូវ «គោលការណ៍បីមួយ»។
លោកបានថ្លែងទៀតថា កម្ពុជាបានទទួលជោគជ័យ ដោយសារកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ បានគ្របដណ្តប់ជាង៨០% នៃក្រុមគោលដៅ។ ក្នុងនោះ សមិទ្ធផលដែល ទទួលបានគឺ អត្រាប្រេវ៉ាឡង់មេរោគអេដស៍ បានបន្តធ្លាក់ចុះពី ២%នៅឆ្នាំ១៩៩៨ មកនៅ ០,៦%នៅមុនឆ្នាំ២០១៥ ប្រជាជនជាង៩០% មានការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដែលធ្វើឱ្យពួកគេបង្ការ ការចម្លងរោគអេដស៍ដោយជោគជ័យ និងជាង៨០%នៃអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលត្រូវការឱសថ ប្រឆាំងមេរោគ អេដស៍ ទទួលបានឱសថយ៉ាងទៀងទាត់។
ទេសរដ្ឋមន្រ្តីបានថ្លែងបន្ដថា ការប្តេជ្ញាចិត្តនយោបាយ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេច បាននូវគោលដៅសូន្យបី នៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពដោយ មិនទុកនរណាម្នាក់ចោលឡើយ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើននូវកិច្ចប្រឹងប្រែងទ្វេដង ព្រមទាំងប្តេជ្ញាចិត្តក្នុងការរួម សហការ ជាមួយប្រទេសនានា ដើម្បីឈានទៅលុបបំបាត់ ការឆ្លងរាលដាលមេរោគអេដស៍មុនឆ្នាំ២០៣០ នៅក្រោមការដឹកនាំរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ៕