(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលនាំយកនូវអាវរងារ និងគ្រឿងឧបភោគបរិភោពមួយចំនួន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនដល់នាយនាវី នាយនាវីរង ពលនាវិក នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹកខេត្តព្រះសីហនុ។
នាឱកាសនេះ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងគ្រប់ប្រភេទរដូវភ្លៀងចែកអាវភ្លៀង រដូវរងាចែកជូនអាវរងា មិនដែលខកខានម្តងណាឡើយ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេរ ហើយលោកក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកងទ័ពជើងទ័ពដែលកំពុងឈរជើងការពារដែនសមុទ្រ កោះ ឆ្នេរ នៅទិសនិរតី យ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព ការពារផលប្រយោជន៍ប្រជាជន។
ជាពិសេស កងកម្លាំងប្រដាប់អាវុធ គឺជាកម្លាំងជួរមុខដ៏សំខាន់មួយក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩កាលពីថ្មីកន្លងទៅ។
លោក ហ៊ុន ម៉ានី ក៏បានរំលេចពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី មកលើមន្រ្តីរាជការ និយាយជារួម និងកងកម្លាំងប្រដាប់អាវុធ និយាយដោយឡែក។ ឆ្លៀតឱកាសនោះ លោកបានបញ្ជាក់ជាថ្មីម្តងទៀតថា ទៅអនាគតក្រោមការដឹកនាំបន្តវេនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត លោកនឹងនៅតែបន្តប្រពៃណីដ៏ល្អនេះ ហើយរិតតែខិតខំបន្ដថែមទៀត៕