(មណ្ឌលគិរី)៖ ទូក និងម៉ាស៊ីនទូកចំនួន ៣គ្រឿង ជាអំណោយរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឮកពីសំណាក់ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

ឧត្ដមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅរបស់កងទ័ព និងប្រជាជន។

ជាក់ស្តែងមេបញ្ជាការបានផ្តល់ទូក និងម៉ាស៊ីនទូកចំនួនបីគ្រឿងបន្ថែមនាពេលនេះ ថាពិតជាជំនួយចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ លឿន រហ័ស ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការជាចាំបាច់បំផុត៕