(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សានុសិស្ស ក្នុងខេត្តកណ្តាល ដែលបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បណ្ដាលឱ្យកូនសិស្សជាច្រើននាក់បានស្លាប់ក្នុងហេតុការនេះ។

នៅសារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានខ្លឹមសារយ៉ាងដូចនេះថា «ខ្ញុំនិងភរិយា មានសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការលិចទូកចម្លង សិស្សានុសិស្ស ចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលអោយស្លាប់ជាច្រើននាក់ មួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់កូនៗ ចៅៗ ក្មួយៗ ជាសមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធកូនៗ ចៅៗ ក្មួយៗ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសូមជូនពរដល់កូនក្មួយ ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សូមបានឆាប់ជាសះស្បើយ និងបានវិលមកបន្តការសិក្សាជាធម្មតាឡើងវិញ៕