(សៀមរាប)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ស្ថិតនៅស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានជូនដំណឹងដល់សមាគម អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ ស្តីពីការដាក់ និងការទទួលពាក្យ សុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយ។ ចំពោះការដាក់ពាក្យសុំចុះឈ្មោះសង្កេតការណ៍ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ចំណែកសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ គឺពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទី ដល់ម៉ោង ១១៖៣០ នាទី និងពេលរសៀលចាប់ពីម៉ោង ១៤៖០០ នាទី ដល់ម៉ោង ១៧៖៣០ នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយនិងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។ ចំពោះគំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។

លោក នឹម វ៉ាន់សំ បន្តថា អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបានទទួលប័ណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរកាពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ ក្នុងរាជធានី ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានី ខេត្តនោះបាន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដូចបានកំណត់ក្នុងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបដល់អាយុ ១៨ឆ្នាំ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មី មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែងបាន។

សូមបញ្ជាក់ផងដែរ ការរៀបចំការគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានសុពលភាពបញ្ជីបោះឆ្នោតត្រឹមឆ្នាំ២០២២ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ លើកលែង តែសម្ភារ ឯកសារចុះឈ្មោះបោះឆ្នោតដែលត្រូវផ្ដល់ជូន លធ.ខប កបឃ.ស និង ក.ច.ប ដូចមាន ចែងក្នុងចំណុច ៦.៣.៥ ៦.៣.៦ និង ៦.៣.៧ នៃប.ន.ព.ច ត្រូវកំណត់ និងផ្ដល់ជូនជាក់ស្ដែងតាមការសម្រេចរបស់ គ.ជ.ប ដោយផ្អែកលើផែនការសម្ភារៈ ឯកសារប្រចាំឆ្នាំ២០២២។

ជាមួយនេះដែរ គ្រប់រាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន អំពីស្ថានភាពគ្រោះទឹកជំនន់នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ក្នុងរាជធានី ខេត្តរបស់ខ្លួន ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីវាយតម្លៃថាតើអាចបើកការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ ផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ តាមប្រតិទិនរបស់ គ.ជ.ប ផងដែរ៕