(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ក៏បានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឲ្យសាលាខេត្តជាច្រើននាក់ទៀត។
កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៧ រួមមាន៖
១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣ ឆ្នាំទី៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តពោធិ៍សាត់
៥៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៦៖ បញ្ហាផ្សេងៗ
៧៖ ពិនិត្យ និងអនុម័ត ស្តីពីការតែងតាំងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់។
ជាមួយគ្នានេះអង្គប្រជុំក៏បានលើកឡើង អំពីបញ្ហាមួយចំនួន ដូចជាថវិកាដែលបានមកពីការតាំងពិព័ណ៌ និងចំណូលផ្សេងៗទៀត គួរតែយកមកប្រើប្រាស់ប្រក់ដំបូលអគារសាលាខេត្តឲ្យបានរួចរាល់ មិនត្រូវទុកហាលថ្ងៃហាលភ្លៀងដូចសព្វថ្ងៃនេះទេ ព្រោះវាបណ្ដាលឱ្យឆាប់ខូចទៅវិញ។ ការទុកដាក់សម្រាម និងការប្រមូលសម្រាម នៅតែមិនទាន់បានល្អនៅឡើយ ហើយសំណង់អនាធិបតេយ្យតាមមាត់ស្ទឹង ក៏នៅតែបន្តរីកដុះដាល។ បន្ថែមពីនោះវីដេអូខ្នាតធំLED នៅសួនច្បារខាងមុខសាលាខេត្ត គួរតែដាក់ឱ្យដំណើរការឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា អំពីសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំខេត្ត។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះយន្តការដឹកនាំ របស់លោក ជាវ តាយ ដែលធ្វើឲ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
រាល់បញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើង សូមលោក ចេង ឡៃ អភិបាលខេត្តស្ដីទី រាយការណ៍ជូនទៅគណៈអភិបាលខេត្ត ដើម្បីមានវិធានការណ៍។ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ត្រូវធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្កភាពសប្បាយរីករាយ ពិសេសក្នុងឱកាសពីធីបុណ្យអុំទូកនៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ៕