(កែប)៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារបណ្ណាល័យមួយខ្នង ដែលមាន ទំហំ៨៤ម៉ែត្រការ៉េ ចំណាយថវិកាអស់ជិត ២០,០០០ដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ភូមិកែប សង្កាត់កែប ក្រុងកែប។
លោក សឹង ទាម នាយកសាលាបឋមសិក្សាក្រុងកែប បានលើកឡើងក្នុងរបាយការណ៍ថា សមិទ្ធផលថ្មីនៃអាគារបណ្ណាល័យមួយខ្នង ដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺជាអំណោយផ្ទាល់របស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី ស ម៉ាលីដា កសាងជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីសិក្សាស្រាវជ្រាវយកចំណេះដឹងបន្ថែមទៀត ក្នុងការបម្រើផលប្រយោជន៍សង្គមជាតិ និងគ្រួសារទៅថ្ងៃអនាគត និងធានាអោយបាននូវការអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាប័ន្ន ដើម្បីជួយលើកកម្ពស់ការសិក្សា ពីមួយជំនាន់ទៅមួយជំនាន់។
នាឱកាសនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានថ្លែងថា អគារបណ្ណាល័យចំនួន ១ខ្នងស្មើនឹង១បន្ទប់នេះ ជាសមិទ្ធផលថ្មីមួយដ៏សំខាន់ សម្រាប់កូនក្មួយសិស្សានុសិស្ស ក្រេបជញ្ជក់ យកចំណេះដឹងបន្ថែមក្រៅពីម៉ោងសិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលសង្គមជាតិត្រូវការ។ សមិទ្ធផលនេះ គឺកើតចេញពីកត្តា សុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមការដឹកនាំនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យអប់រំផងដែរ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខនឹងក្ដីនឹករលឹក របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្ដល់ជូននូវអំណោយដ៏ថ្មីស្រឡាង២ទៀត គឺបណ្ណាល័យសម្រាប់អនុវទ្យាល័យ ហ៊ុន សែន ក្រងកែប និងផ្លូវព័ន្ធជុំវិញអាគារសិក្សា តាមការស្នើសុំរបស់លោកនាយកសាលាផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវខិតខំប្រឹងប្រែង កែលម្អបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងបន្តដាំដើមឈើបន្ថែមទៀត ដើម្បីអោយសមនិងសាលាគំរូមេត្រីភាពបរិស្ថាន និងសូមឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រអោយបានពូកែ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមនាពេលអនាគត។
លោកប្រធានក្រុមប្រឹក្សាខេត្ត សំ សារីន និងលោកបណ្ឌិត សោម ពិសិដ្ឋ ក៏បាននាំយកនូវអំណោយជាសៀវភៅ ប៊ិច ជូនដល់សិស្សានុសិស្ស និងឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូផងដែរ៕