(ឧត្តរមានជ័យ)៖ ច្រកព្រំដែនអន្តរជាតិ «ជប់គគីរ» ស្ថិតក្នុងភូមិជប់គរគី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបើកដំណើរការឱ្យប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ (កម្ពុជា-ថៃ) បានធ្វើដំណើរឆ្លងកាត់ វិញហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៃកម្ពុជា និងលោក ឆៃយ៉ះវ៉ាត់ ជុនធិរ៉ះផុង អភិបាលរងខេត្តបុរីរ៉ាំ នៃប្រទេសថៃ។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីបើកដំណើរការឡើងវិញច្រកព្រំដែន ជប់គគីរ-សាយតាគូ នាពេលនេះ។
លោកបន្តថា ច្រកព្រំដែននេះបានបិទជាបណ្តោះអាសន្នក្នុងដំណាក់កាលនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩។ បច្ចុប្បន្នដោយស្ថានភាពជំងឺកូវីដ មានភាពធូរស្រាល រាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញ ដូចនេះខេត្តយើងទាំង២ ក៏បានសម្រេចបើកដំណើរការឡើងវិញនៃច្រកទ្វារព្រំដែន ជប់គគីរ-សាយតាគូ ឡើងវិញនាពេលនេះដែរ។
លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងទៀតថា យោងលិខិតចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ដំឡើងច្រកទ្វារព្រំដែនជប់គគីរ ជាច្រកទ្វារព្រំដែនអន្តរជាតិរួចហើយ នៅតែភាគីខេត្តបុរីរាំច្រកទ្វារ «សាយតាគូ»។ ជាក់ស្តែងរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានព្រមព្រៀងឯកភាពគ្នាជាគោលការណ៍ ដំឡើងច្រកទ្វារព្រំដែនទាំង២នេះ ជាច្រកទ្វាព្រំដែនអន្តរជាតិរួចហើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ ប៉ែន កុសល្យ ក៏បានស្នើភាគីខេត្តបុរីរាំជំរុញ និងពន្លឿនបែបបទក្នុងការដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនសាយតាគូ ជាច្រកទ្វារព្រំដែនអន្តរជាតិ ដូចខាងខេត្តឧត្តរមានជ័យដែរ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានស្រាប់បច្ចុប្បន្នសម្រាប់បំពេញការងារតែម្តង។
ជាមួយនឹងការបើកដំណើរការឡើងវិញច្រកទ្វារព្រំដែននាថ្ងៃនេះ លោក ប៉ែន កុសល្យ បានស្នើសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តរួមគ្នាបង្ការ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ទាំងអស់នៅតាមតំបន់ព្រំដែន ពិសេសទាក់ទង នឹងឧក្រិដ្ឋកម្មឆ្លងដែនរួមមាន៖ភេវរកម្ម ការដឹកជញ្ជូននិងជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស អាវុធខុសច្បាប់ ការរត់ពន្ធវត្ថុបូរាណ ការលាងលុយកខ្វក់ បទឧក្រិដ្ឋសេដ្ឋកិច្ច បទឧក្រិដ្ឋព័ត៍មានវិទ្យា និងរាល់សកម្មភាពខុសច្បាប់ផ្សេងៗទៀត ក្នុងគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។
ក្នុងករណីយល់ឃើញថាមានការពាក់ព័ន្ធនឹងភាគីណាមួយ ភាគីម្ខាងត្រូវជូនដំណឹងឱ្យភាគីម្ខាងទៀតជ្រាបដើម្បីទប់ស្កាត់ និងរួមគ្នាដោះស្រាយបានទាន់ពេលវេលា។ស្នើបន្តដោះស្រាយករណីឆ្លងដែនខុសច្បាប់ ប្រកបដោយស្មារតី យោគយល់ ក្នុងនាមមនុស្សធម៍ និងស្របតាមគោលការណ៍នានាដែលបានទទួលស្គាល់ជាអន្តរជាតិនិងស្របតាមច្បាប់លិខិតបទដ្ឋានប្រទេសនីមួយៗ ជៀសវាងការធ្វទារុណកម្មនិងបាញ់សម្លាប់៕