(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ។
ពិធីបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មុខសាលាខេត្តខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
លើកឡើងក្នុងឱកាសនោះលោក វ៉ី សំណាង បានថ្លែងថា ព្រះរាជសកម្មភាពរបស់ព្រះបរមរតនកោដ្ឋ ដែលបានលះបង់នូវព្រះរាជបូជនីយកិច្ចអស់កាយពលដើម្បីជាតិមាតុភូមិ ពិសេសគឺព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីនឹមអណានិគមរបស់បារាំងសេះ។ ការលះបង់ក្នុងព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ គឺពិតជាពុំអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ ហើយត្រូវបានបារាំងប្រគល់ឯករាជ្យទាំងស្រុងមកឱ្យកម្ពុជាវិញ នៅខែវិច្ឆិកា នាឆ្នាំ១៩៥៣។
ជាមួយនិងការលើកឡើងនេះ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការសោកស្តាយចំពោះការបាត់បង់នូវព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលពេញមួយជីវិតរបស់ព្រះអង្គគឺសុទ្ធតែបានលះបង់ចំពោះជាតិ មាតុភូមិនិងប្រជានុរាស្ត្ររបស់ព្រះអង្គ។
លោក វ៉ី សំណាង ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានសុំយាងព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានទៅកាន់ព្រះបរមសុខក្នុងសុគតិភព និងឱ្យព្រះវិញ្ញាណក្ខន្ធដ៏ស័ក្ដិសិទ្ធិ ប្រកបដោយវឌ្ឍនភាពវិបុលភាព និងសេចក្ដីសុខក្សេមក្សាន្តរុងរឿង៕