(សៀមរាប)៖ ក្រុមការងារប្រតិបត្តិព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត ចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្រោយខកខានរៀបចំព្រឹត្តិការណ៍ រយៈពេល២ឆ្នាំដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានលើកឡើងថា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត ដឹកនាំដោយ លោក សុខ សប្បាយណា និងសហការី ព្រមទាំងក្រុមការងារ ស.ស.យ.ក ខេត្តសៀមរាប ពរមទាំងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្ត ឆ្នាំ២០២៣ ដែលត្រូវនឹងខួប១០ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។

ចំពោះការរៀបចំទីតាំងដើម្បីប្រារព្ធកម្មវិធីនីមួយៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ មិនមានអ្វីដែលផ្លាស់ប្តូរច្រើនទេ ទាំងនៅប្រាសាទអង្គរវត្ត និងនៅប្រាសាទបាយ័ន្ត តែនឹងមានបន្ថែមទីតាំងមួយចំនួននៅក្នុងក្រុងសៀមរាបផងដែរ។

គួរបញ្ជាក់ផងដែរ ការរៀបចំលម្អកន្លែង ឬឆាក និងការទទួលខុសត្រូវតាមបណ្តាកម្មវិធីមួយៗ គឺជាភារកិច្ចរបស់ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងៗតាមជាក់ស្តែង៕