(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាតខាងជីវភាពប្រចាំថ្ងៃ ប្រមាណ៣ពាន់គ្រួសារមកពីក្រុងកំពត និងស្រុកទឹកឈូ។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋដែលបានមកទទួលអំណោយខាងលើ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់ មិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីនោះទេ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានឆ្លៀតឱកាស និងសំណូមពរដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ដែលនៅតាមដងព្រែកទាំងអស់ សូមកុំបោះសម្រាមចូលក្នុងព្រែកកំពង់បាយ ដែលធ្វើឱ្យបរិស្ថានមិនស្អាត ទឹកព្រែកកខ្វក់ ជាហេតុធ្វើឱ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម កន្លែងផ្តល់សេវាកម្មទេសចរណ៍នានាតាមដងព្រែក ចូលរួមរក្សាអនាម័យបិរស្ថានទាំងអស់គ្នា។
ពិសេសក្នុងការរៀបពាក់ព័ន្ធពិធីនានានៅថ្ងៃកម្មនេះ មិនមែនត្រឹមតែដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប៉ុណ្ណោះទេ តាមរយៈការរៀបពិធីបុណ្យ គឺសំដៅទាក់ទាញយកប្រាក់ចំណូល ជូនដល់ប្រជាពលរដ្ឋខេត្តកំពត ដោយផ្ទាល់ និងប្រយោលផងដែរ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់ប្រជាពលរដ្ឋ ទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃខាងមុខនេះ។ លោកអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពធូរធា និងមិនបានជួបប្រទះនូវ ការខ្វះខាតពិតប្រាកដ សូមចែករំលែកនូវអំណោយតាមលទ្ធភាព ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ។
សូមបញ្ជាក់ថា លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត តែងបានដាក់ចេញនូវគោលការណ៍នៃកម្មវិធី ធ្វើការចែកអំណោយជាអង្ករជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុង១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម ក្នុង ១លើក។ ហើយការផ្តល់អំណោយជាអង្ករនេះគឺតែងធ្វើឡើងចំនួន ២ដងក្នុងមួយសប្តាហ៍ ជារៀងរាល់សប្តាហ៍ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋជួបការលំបាក ដែលមានវ័យចាស់ជរា និងក្មេងកំព្រា ដែលជួបបញ្ហាខ្វះខាតពិតប្រាកដនៅក្នុងមូលដ្ឋាន៕