(ភ្នំពេញ)៖ បញ្ជាការដ្ឋានការពារអាកាស នៃកងទ័ពជើងគោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២២ និងសម្ពោធសមិទ្ធិនានា នៅទីតាំងមូលដ្ឋានកងការពារអាកាស ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីនេះរៀបចំធ្វើឡើងក្រោមអធិបតីភាពឧត្ដមសេនីយ៍ឯក ហេង ហុង មេបញ្ជាការរងនៃកងទ័ពជើងគោក និងឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស រួមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។
ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក ហេង ហុង ក៏បានពាំនាំនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដល់សិក្ខាកាមទាំងអស់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឲ្យបញ្ជាការដ្ឋានការពារអាកាស នៃកងទ័ពជើងគោកទាំងអស់។
ឧត្ដមសេនីយ៍ឯក បានថ្លែងនូវការកោតសរសើរដល់ឧត្ដមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការដ្ឋានការពារអាកាស ដែលបានរៀបចំ អង្គភាពឲ្យមានសោភ័ណភាព និងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
ឧត្ដមសេនីយ៍ឯកបានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកអស់កម្លាំងកាយចិត្ត និងចំណេះវិជ្ជាដែលបានរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហាន ដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ។
ឧត្ដមសេនីយ៍ឯក ហេង ហុង បានចាត់ទុកថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២២នេះ ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាព ជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក៕