(ភ្នំពេញ)៖ វគ្គសិក្សាជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានបិទបញ្ចប់ការចុះឈ្មោះចូលរៀនហើយ នៅម៉ោងវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ដោយមានសិស្សចុះឈ្មោះចូលរៀនតាមការកំណត់ប្រមាណ៥០នាក់។

ការចូលរៀនសម្រាប់វគ្គសិក្សាជំនាញថតរូបនេះ ចាប់ផ្តើមពីរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ដែលមានអាសយដ្ឋាន ផ្ទះលេខ 9D-10D-11D ភូមិ១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងក្រោយស្នងការដ្ឋានរាជធានីភ្នំពេញ)។

ការសិក្សាលើជំនាញថតរូប នឹងធ្វើឡើងរយៈពេល៣ខែ ដោយសិក្សារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២-៤រសៀល។ វគ្គថតរូបនេះ នឹងបណ្តុះបណ្តាលដោយ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ។

វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀតរបស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យក្នុងការបណ្ដុះបណ្ដាលវគ្គសរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣កន្លងមក ប្រកបដោយរលូន។ វគ្គសិក្សាជំនាញថតរូបនេះ នឹងបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប, បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផងដែរ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង។

ឆ្លៀតឱកាសនេះ FTC ក៏សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល មិត្តអ្នកសារព័ត៌មាន វិស័យឯកជន​ និងសិស្ស-និស្សិតទាំងអស់ ដែលបានគាំទ្រដល់វគ្គបណ្តុះបណ្តាលរបស់យើងកន្លងមក៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/raksmeythanfn