(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ, ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ សំណេះសំណាង និងចែកចំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ចំនួន៤៥០គ្រួសារ រស់នៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឡើងធ្វើរបាយការណ៍ សម្រាប់ស្រុកកំពង់ស្វាយគឺមាន០៥ឃុំ ស្មើនឹង៣៤ភូមិ ប្រជាពលរដ្ឋចំនួន ១.៨៩១គ្រួសារ រងគ្រោះ និងជួបការខ្វះខាតស្បៀង ដោយសារជំនន់ទឹកភ្លៀងមាន៖ ឃុំកំពង់ស្វាយ ឃុំព្រៃគុយ ឃុំក្តីដូង ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ។

លោក ងួន រតនៈ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តតាមដានយកចិត្តទុកដាក់ អំពីព័ត៌មានអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ព្រោះមានភ្លៀងធ្លាក់ឥតឈប់ឈរ។ កត្តាទាំងអស់នេះ បណ្ដាលឲ្យផ្លូវជនបទខូចអស់ជាង៤០គីឡូម៉ែត្រ ក្នុងស្រុកកំពង់ស្វាយ ដាច់ស្ពានចំនួន០២កន្លែង ចំពោះទឹកជំនន់ដែលបានហូរចូលក្រោមផ្ទះ ហូរកាត់ផ្លូវប៉ះពាល់ទៅដល់បងប្អូន ប្រជាពលរដ្ឋនូវផលដំណាំផ្សេងៗ និងមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។

លោកបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ថ្ងៃនេះមានកម្មវិធីចែកស្បៀងអាហារបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដើម្បីដោះស្រាយ ក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ សម្ដេចតែងតែចិត្តទុកដាក់ណាស់ អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ មិនមែនជាលើកទីមួយនោះទេ ទីណាមានការលំបាកដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងៗក្នុងសង្គម ត្រូវតែដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។

អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ ត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្រ្ត ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ។

លោក ងួន រតនៈ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមការរស់នៅត្រូវមានអនាម័យបីប្រការគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ សូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធផងដែរ៕