(ភ្នំពេញ)៖ ក្រុមជំនាញប្រវត្តិសាស្ត្រអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិកម្ពុជា បានវិភាគថា បញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងមិនបង្កឱ្យរីកដុះដាលទៅជាសង្គ្រាមនុយក្លេអ៊ែរនោះឡើយ។
ការវិភាគ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ» នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។
លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ បានគូសបញ្ជាក់ថា «សន្តិសុខសណ្តាប់ធ្នាប់ពិភពលោក បច្ចុប្បន្ននេះ កំពុងតែវិលត្រឡប់ទៅរករូបភាព នៃសង្គ្រាមត្រជាក់បែបថ្មីមួយ គឺសហភាពព័ន្ធរុស្ស៉ី ដែលជាអ្នកទទួលមរតពីសហភពសូវៀត កំពុងតែដើរចាប់គូកនរបស់ខ្លួន បង្កើតជាក្រុមមួយ ហើយសហរដ្ឋអាមេរិក គេមានក្រុមរបស់គេរួចស្រេចទៅហើយ ហើយអ្វីដែលធំបំផុតនៅពេលនេះមិនមែនតួនាទីបម្រើមនោគមវិជ្ជាទេ គឺតួនាទីផលប្រយោជន៍សេដ្ឋកិច្ចជាធំ តែវាបង្កើតជាប្លុកប្រឈមមុខដូចកាលពីសង្គ្រាមត្រជាក់ដែរ។ ចុះអាវុធនុយក្លេអ៊ែរ នៅពេលបច្ចុប្បន្ន ខ្ញុំគិតថា វានៅឆ្ងាយ ហើយយើងក៏មិនអាចទាយបានដែរ ពីព្រោះឥរិយាបថនយោបាយរបស់ លោក ពូទីន បានក្លាយជាឥរិយាបថមួយដែលគ្មាននរណាគេងាយទាយត្រូវ»។
បន្ថែមពីនេះ លោកបណ្ឌិតបានបញ្ជាក់ថា តាមការប្រយុទ្ធតទល់គ្នាបច្ចុប្បន្ន រវាងកងទ័ពរុស្ស៉ី និងកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា សមត្ថកិច្ចកងទ័ព និងសព្វាវុធរបស់រុស្ស៉ី គឺមានកម្លាំងខ្លាំង ព្រមទាំងមានយុទ្ធសាស្ត្រផ្សេងៗបន្ថែមទៀត ដែលរុស្ស៉ី អាចប្រើទប់ទល់ជាមួយអ៊ុយក្រែន ព្រមទាំងអាវុធទំនើបៗរបស់លោកខាងលិច។
លោកបណ្ឌិតជឿជាក់ថា សង្គ្រាមនុយក្លេអ៊ែរ គឺនៅវែងឆ្ងាយ ពីព្រោះអាវុធនុក្លេអ៊ែរ គឺមានអានុភាពខ្លាំងក្លាណាស់ ដូច្នេះបណ្តាប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរ ក្នុងដៃបានដឹងច្បាស់ពីវិនាសកម្មដ៏មហិមាប្រសិនបើប្រាស់អាវុធមួយនេះក្នុងភ្លើងសង្គ្រាម។ តាមរយៈនេះ ច្បាស់ណាស់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មិនអាចទៅរួចនោះទេ។
ដោយឡែក លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងស្រដៀងនឹងទស្សនរបស់លោកបណ្ឌិត ដៀប សុផល ដែរថា កាលប្រើប្រាស់អាវុធនុយក្លេអ៊ែរ លុះត្រាតែសហរដ្ឋអាមេរិក និងរុស្ស៉ី បានជម្លៀសប្រជាជនរបស់ពួកគេទៅរស់នៅឋានព្រះច័ន្ទអស់ ទើបសង្គ្រាមអាវុធនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើង។
លោកបណ្ឌិត កា ម៉ាធុល បានបន្តថា ស្ថានភាពសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានបន្តអូសបន្លាយជាង៨ខែមកហើយ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយអាចបញ្ជាក់ថាភាគីណាឈ្នះលើភាគីណានោះទេ។ សង្គ្រាមនេះ បានបង្ហាញពីផលលំបាកយ៉ាងខ្លាំងដល់តំបន់អឺរ៉ុប ក៏ដូចជាពិភពលោកផងដែរ។
លោកបណ្ឌិតបានអះអាងថា៖ «សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ខ្ញុំមានចម្លើយខ្លី ក្នុងករណីអាមេរិក និងរុស្ស៉ី មិនទាន់ជម្លៀសប្រជាជនគាត់ចេញ ពីភពផែនដីនេះទេ ទៅរស់នៅឋានព្រះច័ន្ទទេ សង្គ្រាមនុយក្លេអ៊ែរគឺប្រហែលមិនមានទេ»។
សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលជាប់ជិតខាងគ្នា បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយអូសអន្លាយរហូតដល់សព្វថ្ងៃ។ ការឈ្លានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យសហរដ្ឋអាមេរិក និងបច្ចិមប្រទេស សម្រេចប្រើប្រាស់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៉ី។ ចំណែករុស្ស៉ី ក៏បានប្រើប្រាស់ទណ្ឌកម្មតាមលទ្ធភាពរបស់ខ្លួន ដើម្បីប្រឆាំងនឹងទណ្ឌកម្មផងដែរ។ បញ្ហានេះ បានធ្វើឱ្យពិភពលោករងនូវវិបត្តិជាបន្តបន្ទាប់ ក្នុងនោះមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងនូវអតិផរណា និងវិបត្តិអាកាសធាតុនៅអឺរ៉ុបផងដែរ។
សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានឈានដល់ដំណាក់កាលថ្មីមួយ ដែលរុស្ស៉ី បានប្រើប្រាស់មីស៊ីលបាញ់ស្រោចទៅរដ្ឋធានីកៀវ និងក្រុងសំខាន់ៗរបស់អ៊ុយក្រែន ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ព្រមទាំងខ្ទេចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕