(ភ្នំពេញ)៖ សិស្សដែលស្លាប់ដោយសារលិចទូកចម្លង នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សុទ្ធតែជាអ្នករៀនពូកែ។ នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់ ឈ្មោះ ស្រីស ដែលជាម្តាយក្នុងចំណោមក្មេងរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ស្រីស បានអះអាងបន្តថា កូនសិស្សដែលស្លាប់ដោយសារលិចទូកចម្លង មិនត្រឹមតែរៀនពូកែទេ ថែមទាំងតស៊ូក្នុងការរៀនសូត្រណាស់ ដោយក្រោកពីព្រឹកទៅរៀនអង់គ្លេស ហើយរៀននៅសាលារដ្ឋទៀត។ មិនតែប៉ុណ្ណោះ ទោះដឹងថាទូកចម្លងមានការធ្លុះធ្លាយ ក៏សិស្សទាំងអស់នៅតែពុះពារទៅរៀនសូត្រ ដើម្បីយកចំណេះដឹងដែរ។

លោកស្រីបញ្ជាក់ថា «ក្នុងសោកនាដកម្មនេះ ខ្ញុំលឺឪពុកម្តាយទាំងអស់រៀបរាប់ថា កូនគាត់ទាំងអស់សុទ្ធតែជាសិស្សពូកែៗទាំងអស់​ គាត់តស៊ូណាស់។ គាត់តស៊ូប៉ុនណា។ អញ្ចឹងគាត់ជាទំពាំងស្នងឫស្សី ហើយបើគាត់ជួបហេតុការណ៍ហ្នឹងហើយ ថ្ងៃក្រោយជួបហេតុការណ៍នេះទៀត កូនចៅយើងជំនាន់ក្រោយមានជាទំពាំងស្នងឫស្សីទៀត។ គាត់ជាសិស្សពូកែ ដូចកូនសុវណ្ណរាជ អញ្ចឹង រៀនសុទ្ធតែជាប់លេខ១ លេខ២ ក្នុងសាលារៀន ដល់ពេលគាត់ជួបហេតុអញ្ចឹងទៅ ខ្ញុំសោកស្តាយជំនួសគ្រួសារគាត់មែនទែន»

ចំពោះសោកនាដកម្មនេះ ស្ត្រីរូបនេះបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ពិចារណាកសាងស្ពាន ១ខ្សែ នៅទីនោះ៕