Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក យ៉ែម បុញ្ញឬទ្ធិ៖ ការទំនាក់ទំនងជាមួយក្រុមការងារ CPP ដើម្បីពង្រឹងវប្បធម៌សន្ទនា មិនចាំបាច់មានលិខិតទេ

09-06-2016 11:46

(ភ្នំពេញ)៖ ការទំនាក់ទំនងរវាងក្រុមការងារ របស់គណបក្សទាំងពីរ ដើម្បីពង្រឹងវប្បធម៌សន្ទនាត្រូវបាន លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ អះអាងថា មិនចាំបាច់មានលិខិតដើម្បីបង្ហាញអំពីរបៀបវារៈ និងកាលបរិច្ឆេទនោះទេ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសបែបនេះនៅក្នុងសន្និសីទកាសែតមួយ ឯទីស្នាក់ការគណបក្ស សង្រ្គោះជាតិ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីសាធារណជនមួយចំនួន បានលើកឡើងដោយជំរុញឱ្យគណបក្សសង្រ្គោះជាតិ បន្ទន់ឥរិយាបទ ក្នុងការដោះស្រាយបញ្ហានយោបាយ ហើយត្រូវធ្វើសំណើសុំជួបចរចាជាផ្លូវការជាមួយ គណបក្សប្រជាជនកម្ពុជា។

ដោយមិនបានដៀមដាមទៅកាន់អ្នកវិភាគទាំងនោះ លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងយ៉ាងខ្លីបែបនេះថា «យើងតែងតែមានថ្នាក់ដឹកនាំ ដើម្បីជួបជជែក រកដំណោះស្រាយ  ដែលគណបក្សសង្រ្គោះជាតិប្រកាន់យកគោលជំហរមួយយ៉ាងច្បាស់ ហើយប្រាកដជាទីបំផុត គឺអហិង្សា សន្តិវិធី បន្តវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហា ហើយរហូតមកលដល់ពេលនេះ យើងតែងតែទំនាក់ទំនងជាមួយគ្នា ទៅវិញទៅមក ដោយពុំចាំបាច់មានលិខិត បញ្ជាក់ពីរបៀបវារៈ ឬបញ្ជាក់ពីថ្ងៃខែនោះទេ»។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា លោកក៏បានបញ្ជូនការស្នើផ្ទាល់មាត់របស់គណបក្សសង្រ្គោះជាតិ ទៅគណបក្សប្រជាជនកម្ពុជា រួចហើយដែរ សម្រាប់ការស្នើចរចានេះ ប៉ុន្តែលោកថា គណបក្សប្រជាជន មិនទាន់ឆ្លើយតបយ៉ាងណានោះទេ សម្រាប់សំណើសុំចរចានេះ គ្រាន់តែបញ្ជាក់យ៉ាងខ្លីវិញថា «កំពុងជាប់រវល់»។

ទោះជាយ៉ាងណា លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាសម្រាប់ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានបង្ហើបឱ្យគណបក្ស សង្រ្គោះជាតិរៀបចំ រចនាសម្ព័ន្ធផ្លូវការមួយ ដើម្បីធ្វើជាក្បាលម៉ាស៊ីន សម្រាប់ដឹកនាំក្រុមតំណាងរាស្រ្តមតិភាគតិចនៅក្នុងរដ្ឋសភា មុននឹងធ្វើការចរចាជាមួយនឹង ក្រុមការងារគណបក្សប្រជាំជនកម្ពុជា៕