(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សូមណែនាំជាឱឡារិកថា មុខតំណែង តួនាទី ភារកិច្ច ដែលបានផ្តល់ឲ្យយើងនេះ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្នាមានភារកិច្ចធ្វើការបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព ក្នុងស្មារតីសាមគ្គីភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង និងរាជរដ្ឋាភិបាល។
ការប្រកាសបែបនេះ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខណៈដែលលោកទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សរុបចំនួន ២១រូប។ កម្មវិធីនេះ ត្រូវបានប្រារព្វធ្វើនៅទីស្តីការក្រសួងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។
ថ្លែងក្នុងអង្គពិធីនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអបអរសាទរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងអស់ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត ទាំង ២១រូប ដែលក្នុងនោះរួមមានថ្នាក់រដ្ឋលេខាធិការចំនួន ០២រូប ថ្នាក់អនុរដ្ឋលេខធិការចំនួន ០៣រូប ថ្នាក់អគ្គនាយកចំនួន ០២រូប អគ្គាធិការចំនួន ០១រូប អគ្គនាយរងចំនួន ០១រូប ប្រធាននាយកដ្ឋានចំនួន០៣រូប និងទីប្រឹក្សាឋានៈស្មើអគ្គនាយកចំនួន ០៩រូប។
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថាការតែងតាំងនេះ គឺផ្អែកលើសមិទ្ធផលការងារ អត្តចរិត ចំណេះជំនាញ និងបទពិសោធន៍ការងាររបស់បុគ្គលម្នាក់ៗសុទ្ធសាធ ហើយយើងក៏ផ្អែកទៅលើការបោះឆ្នោតស្ទង់មតិភ្នែកមហាជន ដែលក្រសួងបានធ្វើក្នុងមួយឆ្នាំ២ដងផងដែរ។
បន្ទាប់មកលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យ និងអនុក្រឹតតែងតាំងដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំងអស់ និងថតរូបរួមគ្នាក្នុងភាពស្និទ្ធស្នាល និងរីករាយបំផុត៕