(ភ្នំពេញ)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

ការប្រកាសចូលកាន់មុខតំណែង ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ មានថ្នាក់អគ្គនាយករង ចំនួន ៣រូប ថ្នាក់ប្រធាននាយកដ្ឋាន ចំនួន ២រូប និងបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តអគ្គានុរក្សពន្ធនាគារ ចំនួន ៣រូប។

ក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងថា ពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ គឺបានឆ្លុះបញ្ចាំងពីលទ្ធផលការងារសម្រេចបានថ្មីៗបន្ថែមទៀតរបស់ អគ្គនាយកដ្ឋានពន្ធនាគារ និយាយជារួម និងនិយាយដោយឡែក គឺជាសមិទ្ធិផលដែលបង្ហាញពីការ ខិតខំប្រឹងប្រែងរបស់អង្គភាពនីមួយៗ ក៏ដូចមន្រ្តីគ្រប់រូប ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

ឆ្លៀតនៅក្នុងឱកាសដែលមានវត្តមានរបស់ ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត លោក ឆែម សាវុធ បានបន្តនូវការលើកទឹកចិត្តជារួម ទាំងមន្រ្តីដែលទើបនឹងទទួលបានការតែងតាំង និងមន្រ្តីជាថ្នាក់ដឹកនាំតាម អង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារទាំងអស់ ត្រូវបន្តពង្រឹងការងារដឹកនាំគ្រប់គ្រងអង្គភាព ពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវចំពោះមុខងាររបស់ខ្លួន ដោះស្រាយបញ្ហានានាដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ និងបទវិន័យ មន្ត្រីពន្ធនាគារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងជៀសវាងឲ្យបានដាច់ខាតនូវភាពអសកម្មនានា និង សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។

បន្ទាប់ពីឡើងថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងថ្នាក់ដឹកនាំមន្ត្រីពន្ធនាគារ ដែលទើបទទួលមុខតំណែងថ្មី, លោក ប៉ាវ ហមផាន បានថ្លែងផ្តាំផ្ញើដល់អង្គពិធីទាំងមូល ត្រូវខិតខំបំពេញការងាររបស់ខ្លួន ឲ្យអស់ពីកម្លាំងកាយ និងចិត្តបន្ថែមទៀត ដើម្បីបម្រើប្រជាជន បម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបម្រើជាតិកម្ពុជា។

លោករដ្ឋលេខាធិការ​ បានឆ្លៀតកោតសរសើរថា ក្នុងរយៈពេលកន្លងមក អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើឲ្យការងារប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ ជាពិសេសស្ថិតក្នុងស្ថានភាពដែលជួបការលំបាកខ្លាំង ប្រឈមនឹងការរាត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារ ដែលបានរួមគ្នាពុះពារជម្នះ ទាំងលើផ្នែកសតិអារម្មណ៍ ស្មារតី ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឲ្យអគ្គនាយកដ្ឋានពន្ធនាគារសម្រេចបាននូវលទ្ធផលថ្មីៗជាផ្លែផ្កាគួរជាទីមោទនៈ ស្របតាមចក្ខុវិស័យ នៃក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារក្រសួងមហាផ្ទៃ៕