(ភ្នំពេញ)៖ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) កំពុងតែប្រឹងប្រែងបង្កើនជំនាញ និងកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹង ពីលោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រោយពីលោកបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅវិទ្យាស្ថាន Singapore Cambodia International Academy (SCIA) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

គណៈប្រតិភូរួមមាន លោក Francis Chan អនុប្រធានសមាគម លោក Vance អគ្គលេខាធិការ លោក Ben អគ្គលេខាធិការសមាគមស្បែកជើងនៅកម្ពុជា(CFA) លោក J.J. Ng ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា(CTLA) និងសមាគមស្បែកជើងនៅកម្ពុជា (CFA) ព្រមទាំងសមាជិកនៃសមាគមទាំងពីរ។

គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក Tan Wee Pin នាយកគ្រប់គ្រងរបស់ វិទ្យាស្ថាន SCIA លោកស្រី Wendy Chua ប្រធានផ្នែកធនធានមនុស្ស និងក្រុមគ្រូបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Jeff Tan លោក Edward Tiu និងលោក ទុយ សុភ័ក្ត្រ ដើម្បីពិភាក្សាបន្ថែមអំពីកម្មវិធីបណ្តុះបណ្តាលសម្រាប់សមាជិក សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) និង សមាគមស្បែកជើងនៅកម្ពុជា (CFA) ក្នុងគោលបំណងពង្រឹង និងពង្រីកធនធានកម្លាំងពលកម្មរបស់សមាគមទាំងពីរនៅកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ភាគីទាំងពីរបានដាក់ចេញផែនការផ្តោតលើការបណ្តុះបណ្តាលបុគ្គលិកកម្រិតមធ្យម លើប្រធានបទ វប្បធម៌កន្លែងធ្វើការ សុវត្ថិភាពកន្លែងធ្វើការ សុវត្ថិភាពចំណីរអាហា ការងារជាក្រុម ការប្រតិបត្តិតាមស្តង់ដាការងារ របស់អង្គការការងារអន្តរជាតិ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់លើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង។

ដោយមានការគាំទ្រពីសមាគមទាំងពីរ ក្រុមការងារនៃវិទ្យាស្ថាន SCIA ប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីផ្តល់ការបណ្តុះបណ្តាលប្រកបដោយអាជីព ដល់សមាជិកនៃសមាគមទាំងពីរ ក៏ដូចដល់និយោជិតទូទៅ ក្នុងការបង្កើនជំនាញ និងកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាសមាគមនិយោជក មិនរកប្រាក់ចំណេញ ត្រូវបានបង្កើត និងចុះបញ្ជីកាអង្គការវិជ្ជាជីវៈ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៕