(ភ្នំពេញ)៖ បន្ទាប់ពីលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ចប់ការឆ្លើយបំភ្លឺ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ រួចរាល់ហើយ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋសភាបានចេញប្រកាសព័ត៌មានបង្ហាញលទ្ធផល នៃកិច្ចប្រជុំព្រឹកមិញ ក្រោយលោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅរដ្ឋសភារួចរាល់។
លោក អង្គ វង្ស វឌ្ឍនា បានឡើងបំភ្លឺនៅក្នុងអង្គប្រជុំ ដោយសាកសួរទាក់ទងទៅនឹង៖
១៖ គោលការណ៍ច្បាប់ និងគោលនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជន ត្រូវចោទជាបណ្តោះអាសន្ន
២៖ ការប្តឹងបរិហារកេរ្តិ៍ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
៣៖ រួមនឹងសំណួរផ្សេងៗមួយចំនួនទៀត។
សូមជំរាបថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តច្បាប់នៅកម្ពុជានាព្រឹកថ្ងៃនេះ, ប៉ុន្តែលោករដ្ឋមន្រ្តី បានសម្តែងការហួសចិត្តនឹងគណបក្សសង្គ្រោះជាតិ ដែលមិនគោរពខ្លួនឯង និងរដ្ឋសភាទាំងមូល ព្រោះគណបក្សនេះបានដាក់សំណួរឲ្យរូបលោកឆ្លើយ ប៉ុន្តែបែរជាគណបក្សសង្គ្រោះជាតិខ្លួនឯង មិនចូលរួមកិច្ចប្រជុំនេះទៅវិញ។
លោករដ្ឋមន្រ្តី អង្គ វង្ស វឌ្ឍានា បានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិ គ្មានការទទួលខុសត្រូវ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំ រដ្ឋសភាលើកទី៦ នីតិកាលទី៥ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ។ សម័យប្រជុំ រដ្ឋសភាលើកទី៦ នីតិកាលទី៥ ធ្វើឡើង ក្រោមអធិបតីភាព សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងតំណាងរាស្រ្តចំនួន៥៩រូបទៀត៕