(បាត់ដំបង)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តស្តីទី និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីរាជការនានាជុំវិញខេត្ត ដើររើសសំរាមសម្អាតក្រុង ក្នុងឱកាសប្រារព្វទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៦ តាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសុភ័ណ បានធ្វើការផ្តាំផ្ញើដល់ក្នុងអង្គពិធី ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត នាំគ្នាសម្អាតអនាម័យ បរិស្ថាននេះ គឺធ្វើដើម្បីផលប្រយោជន៍ទាំងគ្នា ពិសេសស្របពេលទីក្រុងបាត់ដំបង បានជាប់ឈ្មោះជាទីក្រុងស្អាត បានចំណាត់ថ្នាក់លេខ១ រំដួល៣ទង២ឆ្នាំជាប់ៗ គ្នាកន្លងមកផងដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍ហើយ គណៈអធិបតីទាំងអស់ បានដឹកនាំ និងបែងចែកជាផែន ដោយឡែកពីគ្នា ដើម្បីដើររើសំរាមសម្អាតទីក្រុង នៅតាមស្ថាប័នរដ្ឋនិងឯកជន គ្រឹះស្ថានសិក្សា ទីវត្តអារាម និងកន្លែងផ្សេងទៀត ឲ្យបានស្អាតគ្រប់ទីកន្លែងទាំងអស់គ្នា ដោយសប្បាយរីករាយ។
លោក អ៊ុយ រី ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋផងដែរ នៅតាមផ្ទះរបស់បងប្អូន ធ្វើយ៉ាងណាឲ្យបានស្អាត ព្រោះអនាម័យបរិស្ថាននេះ មានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សយើងគ្រប់គ្នា និងជាប្រយោជន៍បានដល់សុខភាព ទាំងអស់គ្នាផងដែរ៕