(ឧត្តរមានជ័យ)៖ ថ្មីៗនេះគេសង្កេតឃើញមានប្រេងគេចពន្ធនាំចូលពីប្រទេសថៃតាមច្រករបៀងជប់គគីរ ដោយដឹកតាមរថយន្តសុីទែនធំៗរបស់ថៃចូលមកកម្ពុជាយើង យ៉ាងហោចណាស់ក្នុងមួយខែៗ មិនក្រោមពី ២៥ទៅ៣០ស៊ីតែនឡើយសំរាប់ប្រេងសាំង ហើយចំពោះសកម្មភាពនៃការនាំចូលប្រេងគេចពន្ធទាំងអស់នោះ មន្រ្តីជំនាញរួមមានគយ នគរបាលសេដ្ឋកិច្ច និងមន្ត្រីមួយចំនួនទៀតបានឆ្លើយរុញដាក់គ្នាពីមួយទៅមួយ ហាក់ដូចជាខ្លាចឥទ្ធិពលឈ្មួញទៅវិញ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ច្រករបៀងជប់គគីរ បានប្រាប់អោយដឹងថា សកម្មភាពរថយន្តដឹកប្រេងគេចពន្ធនាំចូលពីថៃមកកម្ពុជា តាមច្រករបៀងខាងលើ បានដំណើរការជាង៥ខែមកហើយ ដែលគេដឹកចូលមកស្តុកទុកនៅក្នុងការ៉ាស់សាំងមួយកន្លែង ដែលស្ថិតនៅក្រោម ជើងភ្នំក្បែរមាត់ច្រកជប់គគីរ មានស្លាកយីហោតេលា ហើយក៏ជាកន្លែងស្តុកសំរាប់ផ្ទេរដាក់រថយន្ត ដឹកបន្តទៅចែកចាយនៅតាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដែលទីតាំងការ៉ាស់សាំងខាងលើ ស្ថិតនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ប៉ែន ស្រស់ ជាមន្រ្តីគយចល័តបានឱ្យដឹងថា ខាងនាយកដ្ឋានគយ និងរដ្ឋាករ មិនដឹងពីបញ្ហានេះទេ ដោយលោកបានបញ្ជាក់ថា ចំពោះប្រេងនាំចូលពីថៃមកតាមច្រករបៀងជប់គគីរ ស្ថិតនៅលើសាខាគយខេត្តជាអ្នកគ្រប់គ្រង អាចទៅសួរលោក ខាន់ ផល្លា។ ដោយឡែកលោក ខាន់ ផល្លាជាអនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តឧត្តរមានជ័យ ទទួលបន្ទុកគយចល័តពេលអ្នកកាសែតសួរលោកមិនបានបញ្ជាក់ឱ្យច្បាស់ថា ជាប្រេងនាំចូលពីថៃដោយស្របច្បាប់ ឬយ៉ាងណានោះទេ។
ចំពោះទីតាំងការ៉ាស់សាំង និងជាកន្លែងស្តុកប្រេងសាំង ដែលនាំចូលពីថៃ ដឹកបន្តចែកចាយ ទៅបណ្តាលខេត្តផ្សេងៗ ដែលត្រូវបានសមត្ថកិច្ចលួចប្រាប់ថា ជាប្រេងនាំចូលអត់ពន្ធ និងបានយកទីតាំងស្លាកយីហោប្រេងតេលាស្របច្បាប់ស្តុកគឺគ្រាន់តែជាការបំភ័ណ្ឌភ្នែកប៉ុណ្ណោះ ព្រោះពុំមានការចែកចាយលក់រាយនោះឡើយ ហើយកន្លងមករថយន្តថៃដឹកប្រេងសាំងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញក្នុងខេត្ត ធ្វើការចាប់ឃាត់រួចម្តងមកហើយ តាំងពីខែដំបូងដែលរថយន្តថៃចាប់ផ្តើមដឹកប្រេងសាំងមកកម្ពុជា។ ប៉ុន្តែក្រោយចាប់ម្ដងដើម្បីអោយស្គាល់ចិត្តគ្នារួចមក ឥឡូវឈ្មួញនាំចូលម៉ាសេរី៕