(កំពង់ស្ពឺ)៖ «ខ.ភ.ម គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារថែរក្សាសន្តិសុខ សន្តិភាព ការពារបូរណភាពទឹកដី ប្រជាពលរដ្ឋ និងការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ!»។ នេះជាប្រសាសន៍របស់នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលប្រជុំថ្មី និងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ជំនាញកាំភ្លើងធំ ជំនាន់ទី៦ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
សាលប្រជុំថ្មី ១ខ្នង របស់បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ញាការដ្ឋាន ដែលបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នាពេលនេះ មានទំហំទទឹង ៤០ម និងបណ្តោយ ៧៥ម ធ្វើអំពីថ្ម។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី នៅ ស៊ីណា មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន បានឲ្យដឹងថា អនុវត្តន៍តាមសច្ចាប័នហ្វឹកហ្វឺនរបស់អគ្គបញ្ញាការ ស្តីពីការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរង ជំនាញកាំភ្លើងធំ ជំនាន់ទី៦ ឆ្នាំ២០២២, វគ្គនេះមានសមាសភាព យោធាចារ្យចំនួន៦០នាក់, គណៈគ្រប់គ្រងវគ្គចំនួន ២៧នាក់, សិក្ខាកាម ចំនួន ៦០០នាក់ ក្នុងនោះ (ថ្នាក់បរិញ្ញាបត្រ ចំនួន១៤៤នាក់, បរិញ្ញាបត្ររង ចំនួន១១នាក់, ទុតិយភូមិ ចំនួន៤៥៥នាក់) និងមានមន្ត្រីបំរើការ ចំនួន៣៨នាក់ សរុបចំនួន ៧២៥នាក់។
ការបណ្តុះបណ្តាល មានរយៈពេលហ្វឹកហ្វឺនរួមចំនួន ០៩ខែ ស្មើនឹង ២៧២ថ្ងៃ ចាប់ហ្វឹកហ្វឺនពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ដោយផ្តោតលើខ្លឹមសារហ្វឹកហ្វឺនរួមមាន៖ មុខវិជ្ជាជំនាញពាក់ព័ន្ធ ចំនួន ៧៦ថ្ងៃ ស្មើនឹង៤២% និងមុខជំនាញកាំភ្លើងធំ ចំនួន ១០៥ថ្ងៃ ស្មើនឹង៥៨%។
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានចាត់ទុកថា ការបើកវគ្គបណ្តុះបណ្តាលនាយទាហានរង ជំនាញកាំភ្លើងធំ ជំនាន់ទី៦ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សំដៅបង្កើនសមត្ថភាព ធនធានមនុស្សនៅក្នុងជួរ ខ.ភ.ម ពិសេសនាយទាហានវ័យក្មេង ដើម្បីមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងថែរក្សាសម្ភារៈគ្រឿងបំពាក់ទំនើបៗ និងសម្រាប់បន្តវេនលើកិច្ចការពារជាតិមាតុភូមិ និងប្រជាជន នាជំនាន់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
ក្នុងនាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ញាការ នៃ ខ.ភ.ម ក្រសួងការពារជាតិ នាយសេនាធិការចម្រុះ នៃ ខ.ភ.ម និងលោក ហ៊ុន ម៉ាណែត, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងប្រជាជន ពិសេសការកសាងអភិវឌ្ឍសង្គមជាតិកម្ពុជា។
នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំឈ្លាស់វៃ និងប្រកបដោយគតិបណ្ឌិតសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងពុះពារនូវគ្រប់ឧបសគ្គនិងការលំបាកសព្វបែបយ៉ាង ធ្វើឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន័ជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការទប់ស្កាត់គ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សុខសន្តិភាពនាពេលនេះ ពិតជាមានតម្លៃណាស់ បើគ្មានសន្តិភាពទេ អ្វីៗក៏មិនមានដែរ រាប់ទាំងលទ្ធិប្រជាធិបតេយ្យផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានជំរុញឲ្យសិក្ខាកាមខិតខំសិក្សារៀនសូត្រ និងហ្វឹកហ្វឺនជំនាញកាំងភ្លើងធំ ពិសេសនាយ ពលទាហានទាំងអស់ បន្តបង្កើនមនសិកាឆន្ទៈស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមការពាររាជដ្ឋាភិបាលស្រច្បាប់។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានកាំភ្លើងធំ មានអង្ករ ៥តោន, ទឹកបរិសុទ្ធ ២០០កេស, ស្រាបៀរ ២០០កេស ទឹកក្រូច ១០០កេស និងថវិកាចំនួន ១ម៉ឺនដុល្លារ ព្រមទាំងបានចែកជូនថវិកាលើកទឹកចិត្តដល់យោធាចារ្យ គណៈគ្រប់គ្រងវគ្គ សិក្ខាកាម មន្ត្រីបម្រើការ និងនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការជាច្រើនរូបទៀតផងដែរ៕