(កណ្តាល)៖ ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃត្រង់នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង៩នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង២នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ។ នេះបើយោងតាមក្រុមការងាររបស់ Fresh News កំពុងស្ថិតនៅកន្លែងកើតហេតុ។

បញ្ជីឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖​

១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)

បញ្ជីឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖

១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (កំពុងបាត់ខ្លួន)
១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (កំពុងបាត់ខ្លួន)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សចេញពីសាលាទៅផ្ទះ នៅឃុំកំពង់ភ្នំ។

តាមរយៈសារតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»

សម្តេចបានបង្គាប់ឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសពនិងជនរងគ្រោះឱ្យបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង។