(ភ្នំពេញ)៖ ថ្ងៃស្អែកនេះ គឺជាខួបអនុស្សាវរីយ៍លើកទី២៨ នៃការបង្កើតកងពលតូចលេខ៧០។ តើកងពលតូចលេខ៧០ មានប្រវត្តិយ៉ាងណាខ្លះ? តើកងពលមួយនេះបានធ្វើអ្វីខ្លះ ពិសេសក្នុងគ្រាដែលកម្ពុជា កំពុងទទួលរងគ្រោះទឹកជំនន់នេះ តើកម្លាំងកងពលតូចលេខ៧០ បាននិងកំពុងចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋយ៉ាងដូចម្តេច?
សូមអញ្ជើញអានអត្ថបទសង្ខេបដូចខាងក្រោម៖
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបលើកទី២៨ នៃការបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២១)។ កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកបានកែសម្រួលទៅ ជាវរសេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភាររបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យណ្តាប់ធ្នាប់ របស់យោធិន និងសហការជាមួយកម្លាំង់មានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។
មេបញ្ជាការកងពលតូចលេខ៧០ បច្ចុប្បន្ននេះ គឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាមេបញ្ជាការឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់ប្រកបដោយគុណធម៌ និងបទពិសោធន៍។ បច្ចុប្បន្នលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គឺជាមេបញ្ជាការរងកងទ័ពជើងគោកផង និងជាមេបញ្ជាការកងពលតូចលេខ៧០ ដែលបានក្លាយជាមេបញ្ជាការចាប់តាំងពីថ្ងៃបង្កើត កងពលដំបូង រហូតមកទល់បច្ចុប្បន្ននេះ។
ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រឹត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌ ពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ករ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។
ក្នុងឆ្នាំកន្លងទៅនេះ កងពលតូចលេខ៧០ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ គឺការចូលរួមចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងតំបន់ក្រហម ចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះ ក៏មានយោធិនមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ហើយកងពលបានបញ្ជូនទៅព្យាបាលរហូតបានជាសះស្បើយ។ លើសពីនេះទៀតកងពលក៏បានសហការជាមួយក្រសួងការពារជាតិផលិត និងចែកប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក៏មានសមិទ្ធផលជាច្រើនទៀតដូចជាអគារស្នាក់នៅ អគារធ្វើការ អគារចំណតរថយន្ត អគារមន្ទីរពេទ្យ អាងទឹក និងម៉ាស៊ីនចម្រុះទឹកស្អាត និងការបង្កបង្កើនផល ចិញ្ចឹមសត្វសុទ្ធតែជាស្នាដៃខិតខំរបស់នាយទាហាន នាយទាហានរង និងពលទាហាន។
រាល់សមិទ្ធផលដ៏ធំធេងដែលកងពលតូចលេខ៧០ សម្រេចបានគិតចាប់តាំងពីថ្ងៃបង្កើតកងពល រហូតមកទល់នឹងពេលនេះ គឺអាស្រ័យដោយសារការខិតខំប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយរបស់មេបញ្ជាការគ្រប់ថ្នាក់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពល ទើបការងារនេះទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក៕