(ក្រុងព្រះសីហនុ)៖ គិតមកត្រឹម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលផលចំនួន ២៨៨ ៣៦២ នាក់ ដោយក្នុងនោះ មានស្រ្តីចំនួន ១៨១ ៥៤២ នាក់ និងកុមារអាយុក្រោម២ឆ្នាំចំនួន ១០៦ ៨២០ នាក់ ដោយបានចំណាយថវិកាជាតិប្រមាណ៨៤ប៊ីលានរៀល ប្រមាណ២០លានដុល្លារ។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មពិការភាព នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា មានប្រសាសន៍ថា កម្ពុជាបាន និងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមមានទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការគិតគូរដល់ការគាំទ្រឱ្យកាន់តែប្រសើរដល់ជនមានពិការភាព ដែលស្ថិតក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានគោលបំណងលើកទឹកចិត្តស្រ្តី និងកុមារឱ្យប្រើប្រាស់សេវាសុខភាពចាំបាច់មួយចំនួនក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

លោកស្រីបានបន្តថា បន្ថែមលើការយកចិត្តទុកដាក់លើក្រុមគោលដៅជាស្រ្តី និងកុមារ រាជរដ្ឋាភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ផងដែរលើបងប្អូនដែលមានពិការភាព ដោយបច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងធ្វើការកំណត់អត្តសញ្ញាណពិការភាព ក្នុងគោលបំណងផ្តល់បណ្ណ ដល់ជនមានពិការភាព សម្រាប់ទទួលបានរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍នានា នៅខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចសិក្សា ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅភូមិថ្មី និងមណ្ឌលសុខភាពតក្តវិទ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងសុខាភិបាល, តំណាងសហភាពអឺរ៉ុប, មូលនិធិសហប្រជាជាតិសម្រាប់កុមារ (UNICEF) និងអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ជូនផងដែរថា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងហានិភ័យពីសម្ពាធអតិផរណា ដោយសារភាពតានតឹងនៃផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនច្បាស់លាស់នានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដោយសម្រេចអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បន្តទៀត និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ផងដែរ៕